សិល្បៈជាតិ៖ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ២០២៣ «បុណ្យ​វប្បធម៌» នឹង​បង្ហាញជូន​នូវ​ពិព័រណ៍​អំពី​វប្បធម៌​កម្ពុជា ក្នុង​គោលបំណង​លើកតម្កើង​វប្បធម៌ និង​អរិយធម៌​ខ្មែរ ឱ្យ​ទូលំទូលាយ រួមទាំង​ផ្សព្វផ្សាយ​ពី​ភាព​អស្ចារ្យ​ដែល​ខ្មែរ​មាន ទៅកាន់​ពិភពលោក។ ជាពិសេស​ចង់ឱ្យ​អ្នកចូលរួម​ទទួលបាន​នូវ​បទពិសោធន៍ ទាក់ទង​ទៅនឹង​វប្បធម៌ចម្រុះរបស់​​ខ្មែរ។ តើ បុណ្យ​វប្បធម៌ មាន​អ្វី​ប្លែក​ខ្លះ?

«បុណ្យ​វប្បធម៌» គឺជា​ព្រឹត្តិការណ៍​ដែល​ប្រមូលផ្ដុំ​ទៅដោយ​វប្បធម៌​ខ្មែរ ដែល​នឹង​នាំប្អូនៗនិស្សិត ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឱ្យទទួល​បាន​នូវ​បទពិសោធន៍ប្លែកៗ និង​មានឱកាស​សិក្សា​ឈ្វេងយល់​នូវ​សិល្បៈ​វប្បធម៌ របស់​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ស៊ីជម្រៅ។ ក្នុងនោះ​រួមមាន​ការបង្ហាញ​របាំ​ក្បាច់បុរាណ របាំ​ប្រពៃណី ល្ខោន​បុរាណ​ចម្រុះ គុន​ល្បុក្កតោ ការដើរ​បង្ហាញ​នូវ​សម្លៀកបំពាក់ ការតាំង​បង្ហាញ​ពី​ស្នាដៃ​សិល្បករ​សិល្បការិនី​ខ្មែរ ឧបករណ៍​ភ្លេងបុរាណ និង​ការ​លេងល្បែង​កម្សាន្តផ្សេង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏មាន​ការចូលរួម​សម្តែង​ពី​សិល្បករ​សម័យ​ផងដែរ។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍​បុណ្យ​វប្បធម៌ ក៏មាន​ការប្រគំ​តន្ត្រី​បែប​សម័យសប្បាយៗ និង​មាន​លក់​ម្ហូបអាហារ ភេសជ្ជៈ និង​បង្អែ​មយ៉ាង​សម្បូរបែប រួមទាំង​មានការ​តាំង​ពិ​ព័រ​ណ៍ផលិតផលផ្សេងៗ ពី​បណ្តា​អាជីវករ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

សូមជម្រាបថា ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ «បុណ្យ​វប្បធម៌» ត្រូវបាន​រៀបចំឡើង​ដោយ​សមាជិកសភា​យុវជន​កម្ពុជា (Youth Assembly) និង​គាំទ្រ​ដោយ ស.ស.យ.ក. ខេត្តស្វាយរៀង នឹង​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ម៉ោង ៩៖០០នាទី​ព្រឹក ដល់​ម៉ោង ២១៖០០នាទី​យប់ នៅ​ថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ដែល​ពិធីបុណ្យ​នេះ​ប្រារព្ធ​ឡើង​នៅ​ទីតាំង Friend Future Factory (F3) និង​មាន​ការបើក​ឱ្យ​មហាជន​ចូលរួម​ទស្សនា​ដោយ​សេរី៕

Share.