យុវតី​វ័យ​១៨ឆ្នាំ Sunisa Lee ដែល​​ជា​ជនជាតិ​ម៉ុង ក្នុង​ប្រទេស​ឡាវ រក​បាន​មេដាយ​២ម្នាក់​ឯង​ឱ្យ​សហរដ្ឋអាមេរិក ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ Olympic Games 2020 នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

កីឡា​ការិនី​ដែល​មាន​ឈ្មោះ​ដើម Sunisa Phabsomphou បាន​ឈ្នះ​មេដាយ​មាស​ក្នុង​កីឡា​កាយ​សម្ព័ន្ធ​​វិញ្ញាសា Women’s artistic individual all-around នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ នេះ​ដែល​មាន​ពិន្ទុ​សរុប ៥៧.៤៣៣ ច្រើន​ជា​ម្ចាស់​មេដាយ​ប្រាក់​ប្រេស៊ីល Rebeca Andrade ដែល​មាន​៥៧.២៩៨ ពិន្ទុ និង​មេដាយ​សំរឹទ្ធ​របស់​រុស្ស៊ី Angelina Melnikova មាន​ពិន្ទុ​៥៧.១៩៩។ វិញ្ញាសា​នេះ​មាន​អ្នក​ចូលរួម​រហូត​ដល់​២៤នាក់​ឯណោះ។

ចំណែក​មេដាយ​១ទៀត​គឺ​ឈ្នះ​មេដាយ​ប្រាក់​ក្នុង​វិញ្ញាសា​ក្រុម Women’s artistic team all-around កាល​ពី​ថ្ងៃ​អង្គារ កន្លង​ទៅ​នេះ ដែល​មាន​គ្នា​៤នាក់ ជាមួយ​ដៃ​គូ Simone Biles,Jordan Chiles និង Grace McCallum មាន​១៦៦.០៩៦ ពិន្ទុ ខណៈ​មេដាយ​មាស​បាន​ទៅ​ក្រុម​របស់​រុស្ស៊ី មាន​១៦៩.៥២៨​ពិន្ទុ។

នាង Sunisa Lee មាន​ម្តាយ​ឈ្មោះ Yeev Thoj ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​តាំង​ពី​​​អាយុ​១២​ឆ្នាំ ក្នុង​ឆ្នាំ​១៩៨៧ មក​ម៉្លេះ ជាមួយ​ជនជាតិ​ម៉ុង ផ្សេង​ទៀត​​នៅ​ទីក្រុង Saint Paul រដ្ឋ Minnesota។ នាង​បាន​ជាប់​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ​អាមេរិក តាំង​ពី​ឆ្នាំ​២០១៩ មក​ម៉្លេះ គឺ​នៅ​ឆ្នាំ​ដែល​ឪពុក​នាង​ស្លាប់​ដោយ​សារ​ធ្លាក់​ពី​លើ​ដើម​ឈើ​ដែល​ព្យាយាម​ជួយ​សង្គ្រោះ​មិត្តភក្ដិ​ខ្លួន​នៅ​គ្រានោះ។

បច្ចុប្បន្ន​មាន​ជនជាតិ​ម៉ុង ប្រមាណ​ជាង​៣០ម៉ឺន​នាក់​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក ដែល​ភាគ​ច្រើន​ក្នុង​រដ្ឋ California, Minnesota និងWisconsin ហើយ​នាង Sunisa Lee ជា​ជនជាតិ​ម៉ុង មុន​គេ​ដែល​ឈ្នះ​មេដាយ​មាស​នៅ​អូឡាំពិក៕

Telegram-Troryorng
Share.