លោកទូច សុឃៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានថ្លែងថា កម្លាំងចម្រុះរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបទីតាំងដែលសង្ស័យថាផលិតរឿងអាសអាភាសកាលពីយប់មិញនេះ គឺជាការអនុវត្តទិសដៅ២រួមគ្នា ក្នុងចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ទិសដៅទាំងពីរ ដែលប្រតិបត្តិការជាមួយគ្នាកាលពីយប់មិញនេះ រួមមាន ជាការបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅផង និងបទល្មើសក្នុងរង្វង់អំពើជួញដូរមនុស្សផង។

លោកបានពន្យល់តាមរយៈគណនីហ្វេសប៊ុករបស់លោកថា ទិសដៅទាំង៦ ដែលដាក់ចេញដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងអាណត្តិទី៧នេះ រួមមាន «១-បញ្ហាគ្រឿងញៀន។ ២-បញ្ហាចរាចរណ៍។ ៣-ករណីចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ។ ៤-ការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ប្រភេទ។ ៥-ការគ្រប់គ្រងក្រុមក្មេងទំនើង និង៦-បញ្ហាតាមព្រំដែនទាំងគោកនិងទឹកជាប់ជាមួយប្រទេសជិតខាង។

សូមរំលឹកថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនបរទេសជាច្រើននាក់ បញ្ជូនទៅនាយកដ្ឋានដើម្បីសាកសួរ ក្រោយពីមាននារីរងគ្រោះពីររនាក់ ដាក់ពាក្យបណ្ដឹងពីការបែកធ្លាយវីដេអូអាសអាភាស តាមបណ្ដាញសង្គមតេលេក្រាម។ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៤ខែតុលា ឆ្នាំ២០២៣ ចំណុចអាគារមួយកន្លែងលើផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ៕