រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពជាមួយអង្គការសហប្រជាជាតិ ដើម្បីជម្លៀសកងទ័ព (UN) មួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មថែរក្សាសន្តិសុខនៅប្រទេសម៉ាលី ដោយសាររងការវាយប្រហារពីក្រុមឧទ្ទាមនៅទីនោះ។
នេះបើតាមការបញ្ជាក់របស់សម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជាង១ម៉ឺន២ពាន់នាក់ ខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
សម្ដេចធិបតីបានឱ្យដឹងថា អង្គការសហប្រជាជាតិបានសម្រេចដកកងទ័ពថែរក្សាសន្តិសុខរាប់ម៉ឺននាក់ចេញពីប្រទេសម៉ាលី (នៅភាគខាងលិចនៃទ្វីបអាហ្វ្រិក) ក្នុងនោះមានទាំងកងទ័ពមួកខៀវកម្ពុជាជិត១០០នាក់ផងដែរ ហើយក៏សម្រេចកម្ទេចចោលសម្ភារសឹក គ្រឿងសព្វាវុធទាំងអស់នៅទីនោះផងដែរ។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានការប្រយុទ្ធគ្នាថ្មីៗ បានផ្ទុះឡើងរវាងកងទ័ពរបស់ប្រទេសម៉ាលី និងក្រុមឧទ្ទាម ចាប់តាំងពីខែសីហា ដែលជាជម្លោះមួយ បានកើតឡើងដោយសារការចាកចេញនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលបានជួយរក្សាភាពស្ងប់ស្ងាត់ដ៏ផុយស្រួយនោះ អស់រយៈពេលជាច្រើនឆ្នាំ៕



