គណបក្សប្រជាជនកម្ពុជានិងបណ្ដាគណបក្សនយោបាយទាំង២៧ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធភាព នៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០២៣នេះ នៅទីស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជា។

ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោហ៊ុន សែនមានប្រសាសន៍ថា បណ្ដាគណបក្សនយោបាយទាំង២៧ ដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្លាយជាដៃគូស្មើភាព និងស្មើសិទ្ធិជាមួយគ្នា ហើយគណបក្សទាំងអស់ មិនចំណុះឲ្យគណបក្សប្រជាជនកម្ពុជានោះទេ។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងចងសម្ព័ន្ធភាពនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បណ្ដាគណបក្សនយោបាយទាំង២៧ និងគណបក្សប្រជាជនកម្ពុជា គឺពិតជាបានស្ម័គ្រចិត្តធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងពិតប្រាកដ ដោយមិនស្ថិតក្រោមការបង្គាប់បញ្ជាអ្វីឡើយ។

សម្ដេចថា បើទោះបីគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលកំពុងកាន់អំណាច ហើយជាគណបក្សដែលពោរពេញទៅដោយធនធានមនុស្ស ធនធានហិរញ្ញវត្ថុច្រើនលើសលប់ បើធៀបជាមួយគណបក្សផ្សេង ប៉ុន្ដែគណបក្សប្រជាជនកម្ពុជា មិនដែលចាត់ទុកថា គណបក្សផ្សេងជាគណបក្សតូចតាចនោះទេ ពោលឲ្យតែស្របច្បាប់ គឺមានសិទ្ធិស្មើគ្នា។

សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា គណបក្សនយោបាយទាំងអស់ដែលបានចងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា នៅតែមានស្វ័យភាព ហើយមានសិទ្ធិគ្រប់គ្រាន់ក្នុងការដាក់ចេញនូវទិសដៅនយោបាយ ដែលស្របជាមួយគោលការណ៍ទាំងឡាយដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងចំនួន៨ចំណុច។

ពិធីចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាចរបស់គណបក្សចំនួន២៧នៅថ្ងៃទី២៥ខែតុលានេះ ធ្វើឡើងបន្ទាប់ពី

គណបក្សនយោបាយនៅក្រៅរដ្ឋាភិបាលចំនួន៤​គណបក្សបានព្រមព្រៀងគ្នាបង្កើតសម្ព័ន្ធភាពនយោបាយមួយក្នុងន័យដើម្បីប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យ សម្រាប់ចូលរួមប្រកួ​​តប្រ​​ជែ​​​​ង​​ស្វែ​​ង​​រកសំឡេងគាំទ្រ ​​នៅក្នុងការបោះឆ្នោតក្នុងពេលខាងមុខនេះ។ 

គណបក្សនយោបាយទាំង៤ដែលបានប្រកាសចងសម្ព័ន្ធជាមួយគ្នានោះរួមមាន៖ គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា៕

Share.