រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បាននិយាយនាថ្ងៃពុធ សប្ដាហ៍នេះថា ថវិកាជាតិឆ្នាំ ២០២៣-២០២៤ គឺ «មិនពាក់ព័ន្ធទេ» ដោយសារសង្រ្គាមនៅតំបន់ហ្គាហ្សា នឹងត្រូវបានកែប្រែ។ នេះបើយោងតាមការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មាន Khaleej Times។

លោក Smotrich បាននិយាយនៅក្នុងការផ្សព្វផ្សាយរបស់វិទ្យុយោធា ថា ក្នុងរយៈពេល ១ថ្ងៃ អ៉ីស្រាអែលដាក់ការចំណាយសម្រាប់សង្រ្គាមជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ ប្រមាណជា ២៤៦លានដុល្លារ ប៉ុន្ដែយ៉ាងណាម៉ិញ លោកមិនទាន់បានវាយតម្លៃអំពីការចំណាយដោយប្រយោលលើសេដ្ឋកិច្ចមួយផ្នែក ដូចជាការប្រមូលផ្ដុំរបស់ក្រុមយោធាបម្រុង និងផលប៉ះពាល់សេដ្ឋកិច្ចនៃការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ប៉ាឡេស្ទីន។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ លោក Smotrich នៅតែមានសុទិដ្ឋិនិយម ដោយបានសរសើរអភិបាលធនាគារនៃប្រទេសអ៊ីស្រាអែល លោក Amir Yaron ចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងវិបត្តិរបស់លោក។

យ៉ាងណាម៉ិញ ថ្នាក់ដឹកនាំនៃប្រទេសលោកខាងលិចមួយចំនួន បានក្រើនរំលឹកដល់អ៉ីស្រាអែល កុំឱ្យល្មើសច្បាប់មនុស្សធម៌អន្តរជាតិ ខណៈមេដឹកនាំទាំងនោះបានគាំទ្រអ៉ីស្រាអែលលើ «សិទ្ធិការពារខ្លួន»៕

ប្រភព៖ Khaleej Times

Share.