ភ្នំពេញ៖ ករណីបង្រ្កាបទីតាំង​លួចថតវីដេអូរឿងអាសអាភាសកាលពីរាត្រីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចអគារមួយកន្លែងលើផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ បាននិងកំពុងផ្ទុះការចាប់អារម្មណ៍ពីមហាជនអ្នកលេងបណ្តាញសង្គមដោយមានអ្នកចែករំលែកបញ្ចេញមតិយោបល់យ៉ាងព្រោងព្រាត។ ការជជែកវែកញែករបស់អ្នកប្រើប្រាស់បណ្តាញសង្គម គេប្រទះឃើញមានទាំងយោបល់ផ្តល់ក្តីអាណិតអាសូរចំពោះនារីដែលបានចូលរួមសម្តែងនោះផង តែក៏មានការលើកបែបស្តីបន្ទោសផង និងខ្លះទៀតមានទស្សនៈចង់ឱ្យអាជីវកម្មភាពយន្តអាសអាភាសនេះ អាចបើកដំណើរការដោយស្របច្បាប់ដូចប្រទេសជឿនលឿនមួយចំនួនផងដែរ។

ក៏ប៉ុន្តែកម្ពុជាដែលប្រកាន់ប្រពៃណីទំនៀមទម្លាប់ល្អជាគោល និងមានរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលផងនោះ មិនអនុញ្ញាតឡើយរាល់ទង្វើ សកម្មភាព និងការប្រព្រឹត្តិណាមួយដែលប្រាសចាស សីលធម៌ល្អ ទំនៀមទម្លាប់ល្អ របស់សង្គមជាតិ។

តែយ៉ាងណាយើងក៏មិនទាត់ចោលរាល់មតិលើកឡើងដែលគាំទ្រឱ្យកម្ពុជាបើកចំហវិស័យខ្សែភាពយន្តស៊ិកនេះដូចប្រទេសជឿនលឿនមួយចំនួនរាប់ចាប់តាំងពីសហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង និងប្រទេសក្បែរខាងមានថៃផងដែរ។ ការបញ្ចេញមតិបែបគាំទ្របែបនេះ អ្នកគាំទ្រក៏មានទឡ្ហីករខ្លះៗផងដែរ ដោយមហាជនខ្លះថា ការបើកចំហវិស័យភាពយន្តសិកនេះនឹងអាចជួយទាញចំណូលបានមួយផ្នែកចូលរដ្ឋ ដ្បិតអ្នកបើកអាជីវកម្មនេះនឹងបង់ពន្ធជូនរដ្ឋ ព្រោះក្រុមប្រកបអាជីវកម្មទាំងនោះក៏ទទួលបានផលកម្រៃពីការចូលទស្សនាលើសកលលោកដូចគ្នា។

មួយទៀតដែរ អាជីវកម្មខ្សែភាពយន្តអាសអាភាសនេះ សម្រាប់អ្នកគាំទ្រឱ្យបើកជំហគឺពួកគេយល់ថា នេះជាមធ្យោបាយបើកផ្លូវមួយជួយឱ្យអ្នកប្រកបរបបរកស៊ីផ្លូវភេទតាមដងផ្លូវមួយចំនួនអាចមានលទ្ធភាពប្រកបការងារដោយសុវត្ថិភាព ដោយមិនប្រឈមមុខជួបអ្នកមករកសេវាបោកប្រាស់ ឬធ្វើបាបលើរូបរាងកាយ ឬអាចឈានដល់ការជួញដូរឆ្លងប្រទេសជាដើម។

មកដល់ត្រឹមនេះយើងឃើញថា មានទាំងមតិជំទាស់ផងនិងគាំទ្រផង។ តើកម្ពុជាពិតជាល្មមដល់ពេលដែលត្រូវបើកចំហឱ្យវិស័យខ្សែភាពយន្តអាសអាភាស ឬកុនកូនជ្រូកនេះ អាចប្រព្រឹត្តិទៅជាធម្មតាដូចបណ្តាញប្រទេសមួយចំនួនឬយ៉ាងណា?

សម្រាប់លោក សន ជ័យ ដែលជាអ្នកធ្វើការងារផ្នែកសង្គមមួយរូបនិងជានាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាផង មិនគាំទ្រឡើយចំពោះការអនុញ្ញាតឱ្យមានសកម្មភាពផលិតខ្សែភាពយន្តដែលប្រាសចាសទំនៀមទម្លាប់ល្អរបស់ខ្មែរបែបនេះ។ មិនគាំទ្រ ព្រោះលោកយល់ថា កម្ពុជាជាប្រទេសមានប្រពៃណីវប្បធម៌ដ៏ចំណាស់មួយដែលប្រកាន់ខ្ជាប់នូវប្រពៃណី ទំនៀមទម្លាប់ សីលធម៌ល្អ និងជាប្រទេសផ្តល់តម្លៃខ្លាំងលើស្រ្តីភេទ។ មួយទៀតដែរ ច្បាប់របស់កម្ពុជាដែលមានជាធរមានសព្វថ្ងៃតួយ៉ាងរាប់ចាប់តាំងពីរដ្ឋធម្មនុញ្ញក៏បានចែងអំពីគោរពតាមសេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ដ៏ល្អរបស់កម្ពុជាផងដែរ។

មួយវិញទៀត សម្រាប់ករណីបង្រ្កាបទីតាំងផលិតកុនកូនជ្រូកនៅកម្ពុជានេះ គឺមានមេក្លោងជាជនជាតិបរទេស ដូច្នេះ លោក សន ជ័យ ថាបើសិនជាកម្ពុជាបណ្តែតបណ្តាយ ឬបើកចំហតែម្តងឱ្យមានវិស័យភាពយន្តកូនជ្រូកនោះ នោះនឹងធ្វើឱ្យសង្គមខ្មែរមានភាពរញ៉េរញ៉ៃ បែកបាក់ស្មារតីជាតិរួមជាក់ជាពុំខាន។ ក្តីកង្វល់មួយទៀតនោះ បើសិនជាការងារថតរឿងអាសអាភាសក្លាយជារឿងបើកចំហពិតមែននោះ លោក សន ជ័យ ដាក់ការព្រួយបារម្ភថា យុវជនក្មេងៗនឹងចូលប្រឡូកការងារលើវិស័យនេះច្រើន ដ្បិតថាការងារនេះរកប្រាក់កម្រៃងាយស្រួលជាងរបរផ្សេងៗ។គ្រានោះហើយ ដែលយុវជនអាចងាយធ្លាក់ខ្លួនជាជនទំយើខ្ជិលច្រអូសលែងចង់មានស្មារតីក្លាយជាអ្នកធ្វើការងារបែបថ្ងៃថ្នូរ អ្នករកស៊ី ឬអ្នកជំនួញក៏ថាបាន។

សរុបជារួម កម្ពុជាពុំគួរបើកចំហឲ្យមានការផលិតភាពយន្តសិកនោះឡើយ។ កម្ពុជាជាប្រទេសមានអរិយធម៌វ័យចំណាស់ជាងគេក្នុងតំបន់អាស៊ីនិងបណ្តាប្រទេសមួយចំនួនក្នុងសកលលោក។ ក្នុងន័យនេះ អ្នកតាមដានស្ថានការសង្គមយល់ថា ការប្រតិបត្តិប្រពៃណី ទំនៀមទំលាប់ល្អនិងរក្សាគុណតម្លៃយ៉ាងសម្បូរបែប ខណៈដែលកម្ពុជាមានតំបន់ទេសចរដ៏សម្បូរបែបផងនោះ ការបង្កើតការងារក៏ដូចជាប្រភពចំណូលសម្រាប់ប្រជាជនជាពិសេសយុវជនពុំមែនជារឿងលំបាកនោះឡើយ។

បណ្ដុំរូបភាពដែលបានចែកចាយល្បីល្បាញលើសង្គមក្រោយពីសមត្ថកិច្ចចុះបង្ក្រាបក្រុមផលិតរឿងកូនជ្រូក

កម្ពុជាមិនមែន អាមេរិក ជប៉ុន ចិន កូរ៉េខាងត្បូង ឬថៃ នោះទេ ហើយប្រពៃណីទំនៀមទម្លាប់រឹតតែខុសគ្នាទៀត។ ប្រទេសខ្លះមានប្រពៃណី វប្បធម៌ បើកចំហចំពោះមុខរបរផ្លូវភេទរួមទាំងសកម្មភាពមួយចំនួនទៀតពាក់ព័ន្ធទៅនឹងវិស័យនេះ  ដូច្នេះការអនុញ្ញាតដល់ការថតភាពយន្តកូនជ្រូកហាក់ជារឿងធម្មតាទៅហើយរបស់ជាត់សាសន៍ទាំងនោះ។ ក៏ប៉ុន្តែកម្ពុជាគ្មានឡើយប្រពៃណីប្លែកៗដូចបណ្តាប្រទេសមួយចំនួនទាំងនោះ ហើយប្រពៃណីទំនៀមទម្លាប់របស់សង្គមខ្មែរក៏តឹងតែងណាស់ដែរចំពោះកូនស្រី ដោយពីសម័យបុរាណនារីពេញវ័យត្រូវអនុវត្តប្រពៃណីយ៉ាងខ្ជាប់ខ្ជួន កុំថាឡើយរឿងបើកចំហភាពយន្តអាសអាភាស។

សង្គមកម្ពុជាគិតគូរណាស់ពីមុខមាត់ ភាពថ្លៃថ្នូរក្នុងគ្រួសារ ហើយនៅមានទស្សនៈរើសអើងណាស់ចំពោះនារីលក់ភេទ។ សង្គមកម្ពុជាពុំទាន់បើកបេះដូងទូលាយទេសម្រាប់ការទទួលយកកូនប្រសារដែលធ្លាប់ប្រកបរបរលក់ភេទ។ បេះដូងមិនទទួលយកនេះហើយ ធ្វើឱ្យអ្នកប្រកបរបរលក់ភេទមួយចំនួនមិនអាចបកក្រោយវិលត្រឡប់ចូលមិនរស់នៅក្នុងភូមិស្រុកដោយស្ងប់ចិត្ត និងរស់នៅប្រឈមពាក្យសម្តីទិតៀនពីមជ្ឈដ្ឋានរស់នៅផងដែរ។ ម្លោះហើយ យុវជន យុវតី ដែលសម្រេចចិត្តទទួលយកការងារដែលនាំក្តីអាម៉ាសដល់ខ្លួន ពោលគឺការថតភាពយន្តស៊ិកនេះ ត្រូវត្រៀមទទួលការរូបភាពនានាដែលនឹងមកដល់។

ព្រះសមា្មសម្ពុទ្ធត្រាស់សម្តែងថា លើលោកនេះគ្មានរបស់អ្វីទទួលបានទាំងព្រមនោះទេ ពេលទទួលបានរបស់មួយរមែងបាត់បង់របស់មួយជាពុំខាន។ជាក់ស្តែងបើអ្នកប្រឹងប្រែងរកស៊ីសមប្រកបជាមួយមុខជំនួញ អ្នកអាចបាត់បង់ពេលវេលាជាមួយក្រុមគ្រួសារក៏ថាបាន។ ដូច្នោះហើយ យុវជនដែលសម្រេចចិត្តបែបងាយៗពេកទៅប្រកបការងារជាតារាភាពយន្តស៊ិក ត្រូវដឹងទុកជាមុនថា អ្នកនឹងបាត់បង់អ្វីមួយពីការទទួលបានក្នុងរបរនេះ។

ជាងចុងក្រោយ យុវជនកម្ពុជាគួរមានស្មារតីប្រពៃណីនិយមបន្តិច កុំឆាប់ទទួលយកវប្បធម៌ប្រពៃណីដែលប្រាសចាសសីលធម៌ជ្រុលពេក ព្រោះប្រទេសកម្ពុជាមានធនធានសក្តានុពលជាច្រើនដែលអាចឱ្យយើងបង្កើតការងារក៏ដូចជាចំណូលបាន តួយ៉ាងដូចជា វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យឧស្សាកម្មដែលកំពុងលូតលាស់ រួមទាំងការងារផ្នែកផ្តល់សេវាកម្មផ្សេងៗទៀត ដោយសឹងតែពុំចាប់បាច់ទៅប្រកបរបរដែលសង្គមមិនឱ្យតម្លៃនោះឡើយ៕

អត្ថបទ៖ កែវ សុខា

Share.