ទីស្តីការក្រសួងមហាផ្ទៃ ៖ ឯកឧត្ដម ឧត្តមអគារនុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានទទួលជួប លោក អ៊ូ សាប៊ុន នាយកអង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារ Prison Fellowship Cambodia និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ឯកឧត្ដម អគ្គនាយក បានសម្តែងនូវកិច្ចស្វាគមន៍ និងអរគុណចំពោះ អង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារ ដែលកន្លងមកតែងតែផ្តល់ជំនួយផ្សេងៗពាក់ព័ន្ធនឹងការងារដូចជា៖-កម្មវិធីអប់រំផ្លូវចិត្ត-កម្មវិធីបណ្តុះបណ្តាល-ការសួរសុខទុក្ខ ជនជាប់ឃុំ និង កូនតាមម្តាយ-សមាហរណកម្មក្នុងសហមន៍។
ក្នុងជំនួបនេះ លោក អ៊ូ សាប៊ុន នាយកអង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារ បានសម្តែងនូវការចូលរួមអបអរសាទរចំពោះ ឯកឧត្ដម ឧត្តមអគារនុរក្សថ្នាក់លេខ១ ឈន សាណាត ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងបានថ្លែងអំណរគុណចំពោះ ឯកឧត្ដម អគ្គនាយក សម្រាប់កិច្ចសហការល្អនាពេលកន្លងមក។
ជាមួយគ្នានេះ លោក លោក អ៊ូ សាប៊ុន បានជម្រាបជូន ឯកឧត្តម អគ្គនាយក ថាដោយសារកត្តាជំងឺកូវីដ១៩ និងសង្រ្គាមក្នុងប្រទេសមួយចំនួនជុំវិញពិភពលោក ធ្វើឲ្យប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ច រួមទាំងមានបញ្ហាមួយចំនួនទៀត ដែលធ្វើឲ្យការអនុវត្តគម្រោងនានាមានភាពយឺតយ៉ាវ ប៉ុន្តែអង្គការនឹងខិតខំបន្តកិច្ចសហការល្អ។
ទាក់ទងទៅនឹងការលើកឡើងរបស់លោកប្រធានអង្គការនេះ ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ឯកភាព និងសំណូមពរដល់អង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារបន្តជួយលើគម្រោងមួយចំនួនដែលបានសហការគ្នាយ៉ាងល្អនាពេលកន្លងមក៕



