យោងតាមសេចក្តីថ្លែងការណ៍របស់ហេសបូឡា បានឱ្យដឹងថា មេដឹកនាំក្រុមសកម្មប្រយុទ្ធហេសបូឡា នៃប្រទេសលីបង់ បានជួបជាមួយមេដឹកនាំកំពូលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងក្រុមជីហាតឥស្លាមប៉ាឡេស្ទីន (PIJ) ដោយពិភាក្សាអំពីអ្វីដែលសម្ព័ន្ធភាពរបស់ពួកគេត្រូវធ្វើ ដើម្បីសម្រេចបាន «ជ័យជំនះពិតប្រាកដ» លើប្រទេសអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍បាននិយាយថា កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃពុធ មានវត្តមានលោក Sayyed Hassan Nasrallah មេដឹកនាំរបស់ក្រុមហេសបូឡា អង្គុយជាមួយអនុប្រធានក្រុមហាម៉ាស់ លោក Saleh al-Arouri និងប្រធានក្រុមជីហាដឥស្លាម Ziad al-Nakhala នៅទីតាំងមួយកន្លែងដែលគេមិនបញ្ជាក់ច្បាស់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ Al-Manar បានបង្ហាញឲ្យឃើញលោក Nasrallah អង្គុយលើកៅអីម្នាក់ឯង ខណៈប្រធានក្រុមជីហាតឥស្លាមប៉ាឡេស្ទីន និងក្រុមហាម៉ាស់ អង្គុយនៅទល់មុខគាត់ លើសាឡុងដ៏វែងមួយ។

ក្នុងបន្ទប់ប្រជុំរបស់អ្នកទាំង៣ ក៏ត្រូវបានគេឃើញមានការតុបតែងជាមួយរូបភាពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ Ruhollah Khomeini និងមេដឹកនាំបច្ចុប្បន្នឈ្មោះ Ali Khamenei ផងដែរ។
របាយការណ៍មួយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ al-Manar បានឲ្យដឹងថា «កិច្ចប្រជុំនេះ គឺជាការវាយតម្លៃថា តើពួកគេនឹងទទួលបានឋានៈអ្វីនៅលើឆាកអន្តរជាតិ និងត្រូវធ្វើបែបណាដើម្បីតស៊ូជាមួយអ៊ីស្រាអែល»។

ក្នុងកិច្ចប្រជុំ មេដឹកនាំក្រុមសកម្មប្រយុទ្ធទាំង៣ បានដោះស្រាយការវិវឌ្ឍន៍ចុងក្រោយបង្អស់ ចាប់តាំងពីការចាប់ផ្ដើមប្រតិបត្តិការ Al-Aqsa Flood និងព្រឹត្តិការណ៍ដែលកើតឡើង រួមទាំងការប្រឈមមុខដាក់គ្នាឆ្លងព្រំដែនរវាងប្រទេសលីបង់ និងប៉ាឡេស្ទីន។
ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា មក ក្រុមហេសបូឡា បានមានការបាញ់ប្រហារជារៀងរាល់ថ្ងៃជាមួយនឹងកងកម្លាំងអ៊ីស្រាអែល តាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់។ ខណៈក្រុមលីបង់បានប្រកាសកាលពីថ្ងៃពុធថា យុទ្ធជនរបស់ខ្លួន២នាក់ទៀត ត្រូវបានសម្លាប់ ដោយតួលេខអ្នកស្លាប់ក្នុងជម្លោះបានកើនឡើងដល់ ៤០នាក់ហើយ។

កាលពីថ្ងៃអង្គារ ក្រសួងសុខាភិបាលបាននិយាយថា ជនជាតិប៉ាឡេស្ទីន ៧០៤នាក់ ក្នុងនោះមានកុមារ ៣០៥នាក់ ត្រូវបានសម្លាប់ ខណៈអ៊ីស្រាអែលបង្កើនការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ។
ទន្ទឹមនោះ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បាននិយាយថា ចំនួនអ្នកស្លាប់កាលពីថ្ងៃអង្គារ គឺជាតួលេខខ្ពស់បំផុតដែលត្រូវបានរាយការណ៍ក្នុងរយៈពេលតែ១ថ្ងៃ ចាប់តាំងពីជម្លោះបានចាប់ផ្តើម៕
