កណ្តាល ៖ លោកគ្រូពេទ្យម្នាក់បានស្លាប់ បន្ទាប់ពីជិះម៉ូតូទៅធ្វើការ ជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយក្មេងប្រុសម្នាក់ជិះម៉ូតូស្មាស់វ៉ាជែងម៉ូតូកង់បី ជ្រុលទៅបុកម៉ូតូជនរងគ្រោះច្រាសទិសទាំងកម្រោល។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅ ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ប៊ូ សាម៉ន ហៅគ្រូពេទ្យចិត្តធម៌ ភេទប្រុស អាយុ៥៤ឆ្នាំ ជាគ្រូពេទ្យ នៅមន្ទីរពេទ្យព្រះកុសុមៈ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ក្មេងប្រុសម្នាក់ជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1N-8535 ពីជើងទៅត្បូងវ៉ាជែងម៉ូតូកង់បី ជ្រុលទៅឆ្វេង បុកម៉ូតូជនរងគ្រោះ ម៉ាកហុងដាឌ្រីម សេ១០០ សេរី៩៩ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1J-3743 ពីត្បូងទៅជើង បណ្តាលឱ្យស្លាប់ជនរងគ្រោះភ្លាមៗនៅកន្លែង ចំណែកក្មេងប្រុសរងរបួសស្រាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ ប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូទាំង២គ្រឿង និងក្មេងប្រុសជាអ្នកបើកបរបង្ក សមត្ថកិច្ចនាំយកទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.