បន្ទាយមានជ័យ៖បុរសជាកសិករម្នាក់ ក្រោយពេលបាយថ្ងៃត្រង់រួចឆ្លៀតដើរបេះបន្លែព្រៃ នៅតាមព្រៃក្បែរព្រំដែនកម្ពុជា-ថៃ កាលពីវេលាម៉ោង១:២១នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក។ក្នុងអំឡុងពេលដើរបេះបន្លែនោះចៃដន់ បានជាន់មីនផ្ទុះរបួសដាច់ជើងយ៉ាងធ្ងន់ធ្ងរ ត្រូវបានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យ កម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោក៨០៧ សហការជាមួយកម្លាំងយោធា អាជ្ញាធរពាក់ព័ន្ធចុះជួយអន្តរាគមន៍បញ្ចូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចន ជុង ភេទប្រុស ឣាយុ ២៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  មុខរបរជាកសិករ  ។

លោកមេបញ្ជាការបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុក្រោយបាយថ្ងៃត្រង់រួចជនរងគ្រោះបានឆ្លៀតដើររកបេះបន្លែរព្រៃ រកដកផ្សិត និងជីកទំពាំង  បានជាន់មីនដែលសល់ពីសម័យសង្គ្រាម ផ្ទុះបណ្តាលឲ្យដាច់ជើងឆ្វេង ។ក្រោយពីបានឮសំឡេងផ្ទុះមីន កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរសាយ  បានសហការជាមួយកម្លាំងយោធា (ក.អ.ធ.ទី១សឹករងស្រុកថ្មពួក) ចុះទៅពិនិត្យកន្លែងមីនផ្ទុះ និងបានចូលទៅជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយនាំគ្នាយកអង្រឹងសែងដាក់រថយន្តបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកហើយបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង  ។

ពាក់ព័ន្ធករណីនេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនដែលដើររកអនុផលព្រៃឈើ សូមកុំចូលព្រៃដែលសង្ស័យថាមានមីនឬក៏មានស្លាកសញ្ញាគ្រោះថ្នាក់ឲ្យសោះ ព្រោះអាចនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឬក៏រងរបួសជាដើម ៕

អត្ថបទ៖ចតុមុខ

Share.