ភ្នំពេញ ៖ បុរសម្នាក់ជាកម្មករសំណង់ ក្នុងខ្លួនពោរពេញដោយជាតិស្រវឹង ជិះម៉ូតូជ្រុលទៅបុកពីក្រោយម៉ូតូកង់បី ចតនៅមុខការ៉ាស់សាំង បណ្តាលឱ្យដួល រងរបួសបន្តិចបន្តួច តែបន្លំសង្ងំដេក អស់រយៈពេលជិតមួយម៉ោង
កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅរង្វង់មូលព្រហ្មមុខបួន គល់ស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ស្រវឹងស្រា ព្យាយាមជិះម៉ូតូលេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FV-3655 ពីលិចទៅកើត តែអំណាចនៃជាតិស្រវឹង ជ្រុលទៅបុកពីក្រោយម៉ូតូកង់បី ពាក់ស្លាកលេខ ភ្នំពេញ 1IL-7366 ដែលចតអៀបសួនមុខការ៉ាស់សាំង បណ្តាលឱ្យដួល រងរបួសបន្តិចបន្តួច ក៏ប៉ុន្តែជនរងគ្រោះ បន្លំសង្ងំដេក អស់រយៈពេលជិតមួយម៉ោង រហូតដល់សមត្ថកិច្ចទៅដាស់ហៅ សាកសួរទើបងើប ។

ជនរងគ្រោះក្រោយពីដាស់ហៅឱ្យងើប អង្គុយរងចាំឱ្យស្វាងស្រាបន្តិច ទើបទំនាក់ទំនងហៅរកសាច់ញាតិឱ្យនាំយកទៅផ្ទះ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍ គ្មានខាងណាប្តឹងផ្តល់ខាងណា ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.