សិល្បៈ​ជាតិ​៖ នៅ​ថ្ងៃ​ទី​២៧ ​ខែ​តុលា ​ឆ្នាំ​២០២៣​ មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ បាន​ប្រារព្ធ​ពិធី​ប្រកាស​បើក​ចាប់ផ្តើម​កម្មវិធី​ជាមួយ​នឹង​ភាពយន្ត​របស់​ជ័យលាភី​ ភាពយន្ត​សម្រាប់​ប្រកួត​ និង​ការ​សំណេះ​សំណាល​ ព្រម​ទាំង​ការ​សម្ដែង​ និង​ការ​ចាក់​បង្ហាញ​ភាពយន្ត​ ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​ សោម​ សុគន្ធ​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ និង​វត្តមាន​លោក​ ស៊ុំ ​ស៊ីថែន​ ប្រធាន​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ រួម​ទាំង​អ្នក​ស្នេហា​វិស័យ​ភាពយន្ត​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​។

ឯកឧត្តម​ សោម ​សុគន្ធ​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ បាន​ប្រកាស​បើក​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​នេះ​ ដោយ​មាន​ប្រសាសន៍​ថា​ ក្នុង​នាម​តំណាង​ឱ្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ លោក​សូម​កោត​សរសើរ​និង​វាយ​តម្លៃ​យ៉ាង​ខ្ពស់​ ដល់​ក្រុម​ការងារ​ភាពយន្ត​ឈូករ័ត្ន​ដែល​បាន​ផ្ដើម​គំនិត​រៀប​ឡើង​នូវ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី​ ១២​ នៅ​ក្នុង​ឆ្នាំ​នេះ​។ ទោះ​ឆ្លង​កាត់​កូវីដ​១៩​ក៏​ដោយ​ ក៏​មហោ​ស្រព​នៅ​តែ​ពុះពារ​នាំ​យក​ភាពយន្ត​ខ្លី​ជាតិ​ និង​អន្តរជាតិ​ដ៏​មាន​គុណភាព​ មក​ចាក់​បញ្ចាំង​ឱ្យ​មហាជន​បាន​ទស្សនា​នៅ​រោងភាពយន្ត​ទំនើប​។ ឯកឧត្តម​នៅ​តែ​បន្ត​កោត​សរសើរ​ និង​ជូនពរ​ឱ្យ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​បន្ត​ធ្វើ​ឡើង​ដោយ​រលូន​និង​ជោគជ័យ​។

គួរកត់សម្គាល់ដែរថា គិត​ត្រឹម​ឆ្នាំ​២០២៣​នេះ មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ប្រារព្ធ​ធ្វើ​ឡើង​បាន១២លើក​ហើយ​។ ក្រុម​អ្នក​រៀបចំ​កម្មវិធី​បាន​លើក​ឡើង​ថា មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ បាន​ទទួល​ការ​ទទួល​ស្គាល់​និង​គាំទ្រ​កាន់​តែ​ច្រើន​ឡើង​ៗ​ ទាំង​ពី​សំណាក់​ផលិតករ​ភាពយន្ត​ជាតិ​និង​ផលិតករ​ភាពយន្ត​អន្ដរជាតិ​ តាម​រយៈ​កំនើន​ឥត​ឈប់ឈរ​នៃ​ការ​ផ្ញើ​ភាពយន្ត​មក​ចូល​រួម​។

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ ២០២៣ បាន​ចាប់​ផ្ដើម​ហើយ​នៅ​ថ្ងៃទី​២៧ តុលា​ នឹងបន្ត​អូស​បន្លាយ​រហូត​ដល់​ថ្ងៃ​ទី៣០តុលា​ខាង​មុខ ដោយ​មាន​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ខ្លី​ចំនួន​​៤៨​រឿង ដោយ​ឥត​គិត​ថ្លៃ នៅ​តាម​រោងភាពយន្ត​និង​សាលភាពយន្តជាច្រើនដូចជា៖ Legend Cinema – Olympia Mall, K-Mall, SenSok Mega Mall, Major Cineplex – Sorya និង Cine Hub។

គួររំលឹកដែរថា មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ​ឬ​ហៅជា​ភាសា​អង់គ្លេស​ថា​ Chaktomuk Short Film​ Festival ​ត្រូវ​បាន​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ ​២០១២ ដោយ​«ក្រុម​ភាពយន្តឈូករ័ត្ន»​និង​ដៃ​គូ​សហការ​ផ្សេង​ទៀត​ដែល​ជា​បណ្ដុំ​អ្នក​ស្រឡាញ់​កុន​និង​ក្រុម​អ្នកផលិត​កុន​ ក្នុង​គោល​បំណង​លើក​ទឹកចិត្ត​ឱ្យ​អ្នក​ថតកុន​គ្រប់​ប្រភេទ ​ទោះ​បី​ជា​មាន​បទ​ពិសោធន៍​តិច​តួច​ក្ដី​ ក៏មិន​គួរ​រុញរា​ក្នុង​ការ​ចូលរួម​សិក្សា​និង​បញ្ចេញ​ស្នាដៃ​អំពី​ការ​ផលិត​កុន​ខ្លីផងដែរ​៕​

Share.