ក្រោយ​រង់ចាំ​យ៉ាង​អន្ទះសា​ទី​បំផុត​ភាព​យន្ត​​ «ភិក្ខុ​ពនេចរ​»​ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ព្រះ​គ្រូ​ គូ សុភាព ​បាន​ចេញ​ផ្សាយ​ភាគ​ដំបូង​ហើយ ​ដោយ​​ទទួល​បាន​ការ​សរសើរ​យ៉ាង​ច្រើន​ប៉ុន្តែ​អ្នក​ទស្សនា​នៅ​រអ៊ូ​​ទើស​ចិត្ត​ខ្លាំង​ត្រង់​ចំណុច​មួយ​។​​

ភាពយន្ត​​អប់រំ​ខ្នាត​ខ្លី បែប​អប់រំ​ផ្លូវ​ចិត្ត​ លើក​តម្កើង​ព្រះ​ពុទ្ធសាសនារឿង​ «ភិក្ខុ​ពនេចរ​» ​ដែល​ជា​គំនិត​ណែនាំ​ឡើង​ដោយ​ព្រះ​ភិក្ខុ​វជិរប្បញ្ញោ​ គូ​ សុភាព ​​បាន​ចេញ​ផ្សាយ​ជូន​ទស្សនា​ជា​ផ្លូវការ​ហើយ​កាល​ពី​ថ្ងៃ​ទី​១១​​ខែ​ មេសា​ ឆ្នាំ​២០២១​ ម្សិលមិញ​នេះ​នៅ​លើ​ Facebook Page Kou Sopheap

ភិក្ខុ​ពនេចរ​ (Normadic Monk) ក្នុង​ភាគ​ដំបូង​នេះ​ទទួល​បាន​ការ​សរសើរ​យ៉ាង​ខ្លាំង​ទាំង​ការរៀបចំ​​តុបតែង​ឆាក​ Props សំលៀកបំពាក់​ ​Costumes ​តួ​សម្ដែង ​ប្លង់​ថត ​និង ​សាច់​រឿង​ គឺ​អាច​និយាយ​បាន​ថា​មិន​មាន​អ្វី​ទាស់​ខុស​​គួរ​ឱ្យ​រិះគន់​នោះ​ទេ​ ប៉ុន្តែ​អ្នក​ទស្សនា​ទើស​ចិត្ត​និង​រអ៊ូ​ព្រោះ​តែ​រឿង​ក្នុង​ភាគ​ដំបូង​ខ្លី​ពេក​គឺ​ត្រឹម​តែ​៩នាទី​និង​៤៧​វិនាទី​ប៉ុណ្ណោះ​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​និយាយ​ថា​មើល​មិនទាន់​ឆ្អែត​ផង​ចប់​បាត់​ទៅ​ហើយ​។

យ៉ាង​ណា​មិញ​រឿង​ភិក្ខុពនេចរ​​ដែល​បាន​ផ្សាយ​លើ​Page ព្រះ​គ្រូ​ គូ សុភាព​​កាល​ពី​រាត្រី​ម្សិលមិញ​នេះ​គិត​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​មេសា​ ឆ្នាំ​២០២១ ​នេះ​មាន​ចំនួន​ Like ចំនួន​ ៤,៣ K ចំនួន​ចុច​ Shares ១ K និង​មាន​ចំនួន​ Views ៣៩K។ សម្រាប់​អ្នក​ដែល​មិន​ទាន់​បាន​ទស្សនា​អាច​ចូលទៅ​កាន់​ផេក Kou Sopheap ដើម្បី​ទស្សនា​បាន​។​

រឿង​ភិក្ខុពនេចរ​នេះដក​ស្រង់​ចេញ​ពី​សៀភៅ​ «ភិក្ខុពនេចរ​» របស់​លោក​សាស្ត្រាចារ្យ​ ឱម ណាគ្រី​ ដឹកនាំ​ដោយ​លោក​ សួង សុភ័ក្រ និពន្ធ​អត្ថបទួ​ភាពយន្ត​ដោយ អ្នក​នាង​ បូ សុគន្ធា ​សម្ដែង​ដោយ​លោក​ ស៊ន​ ពិសិដ្ឋ​ លោក​ ចនស័ក្ដ និង កញ្ញា សុគា គីមលាង និង​តារា​សម្ដែង​ទាំង​ចាស់​ថ្មី​ជា​ច្រើន​រូប​ទៀត​៕

Share.