មនុស្សស្រីសម័យថ្មីកុំខ្វល់ខ្វាយច្រើនលើរូបរាងនិងសម្រស់ខាងក្រៅ ព្រោះបច្ចុប្បន្នចង់ស្អាតអាចស្អាតតុបតែងខ្លួនដោយគ្រឿងសម្អាងទៅប្រាកដជាលេចចេញសម្រស់ដ៏លេចធ្លោរជាក់ជាមិនខាន។ មួយវិញទៀតឈប់គិតទៀតទៅថាខ្លួនឯងមិនស្អាតដូចគេ គ្មានសិទ្ធិបានបុរសល្អមកធ្វើជាគូគ្រង។ សូមនិយាយថាសម័យនេះទៅហើយអង្គុយរង់ចាំឱ្យបុរសៗចូលមកសុំស្នេហ៍យើងមុននោះវាងាយពេកហើយ យើងត្រូវតែធ្វើឱ្យគេឃើញពីតម្លៃរបស់យើងថាមិនមែនជារបស់ធម្មតាលក្ខណៈ Limited Edition មិនមែនរកបានងាយៗនោះទេ ចង់បានត្រូវតែព្យាយាមបន្តិច។ ចង់ដឹងទេថាចង់កសាងខ្លួនឱ្យមានតម្លៃបែបណា? លេងចរិតធ្វើដូចមិនចាប់អារម្មណ៍របៀបណា? ទើបតែធ្វើឱ្យបុរសៗឈ្លក់វង្វេងហើយរត់មករកអ្នកដោយខ្លួន? ថ្ងៃនេះត្រយងមានតិចនិកពិសេសចំនួន៥មកចែកជូន៖
១./ ពេលគេផ្ញើរសាមកតបយឺតបន្តិចក៏បានដែរ ឱ្យគេដឹងថាយើងមិនមែនរង់ចាំឆ្លើយតបតែសារគេម្នាក់នោះទេ!



តិចនិកលេងចរិតទីមួយធ្វើឱ្យខ្លួនយើងមានតម្លៃ សុំសួរតាមត្រង់ពេលបុរសៗគេផ្ញើ DM មក (Direct Message) តើនារីៗគ្នាយើងប្រញាប់ចូលទៅអានហើយឆ្លើយតបនឹងគេភ្លាមៗមែនទេ? ចម្លើយមិនបាច់គិតគឺ «ពិតមែន» បើដូច្នេះសូមរៀបចំខ្លួនសារជាថ្មី ទោះជាការប្រញាប់មើលប្រញាប់ឆ្លើយតបគឺជាការបង្ហាញថាយើងយកចិត្តទុកដាក់ចំពោះគេខ្លាំងប៉ុណ្ណាក៏ដោយ តែជួនកាល ទង្វើរបស់យើងធ្វើឱ្យបុរសដែលគេចាប់អារម្មណ៍លើយើងគិតថាយើងទំនេរជ្រុល ឬអាចជាមនុស្សគ្មានមិត្តភក្ដិសេពគប់ ទើបមានពេលវេលាច្រើនសម្រាប់គេ។ ចំណុចនេះប្រញាប់បោះចោលទម្លាប់បែបនោះភ្លាម វិធីដ៏ល្អ មុននឹងឆ្លើយតបទុករយៈពេលឱ្យមានគំលាតយូរបន្តិច ធ្វើឱ្យគេមានអារម្មណ៍ជារង់ចាំខ្លះ ដើម្បីឱ្យគេបានភ្លក់រសជាតិពេលដែលយើងរង់ចាំសាររបស់គេតើមានអារម្មណ៍អន្ទះសាបែបណាខ្លះ ។
២. (Push&Pull) រុញ និងទាញ ទុកចន្លោះដើម្បីទាញគេចូលជិតខ្លួនយើងឱ្យកាន់តែជិត



នារីៗគ្នាយើងមានដែលធ្លាប់ឮទ្រឹស្ដី Push & Pull ខ្លះដែរទេ? ទ្រឹស្ដីនេះគេហៅងាយៗថាល្បែងទាញព្រ័ត្រស្នេហា។ ជួនកាលបើមនុស្សស្រីយើងមានអារម្មណ៍ថាបុរសដែលយើងកំពុងប្រតិព័ទ្ធចូលមកកាន់តែជិតយើង យើងគួរតែរុញគេចេញឬក៏ទុកចន្លោះរវាងគ្នានឹងគ្នា ធ្វើបែបនេះនឹងធ្វើឱ្យគេកាន់តែព្យាយាមចូលមកក្បែរយើង តែបើសិនជាមើលទៅឃើញគេចាប់ផ្ដើមធ្វើខ្លួនឃ្លាតឆ្ងាយចូរប្រើយុទ្ធសាស្ត្រទាញឱ្យគេត្រលប់មកក្បែរខ្លួនយើងវិញ។ វិធីសាស្ត្រនេះត្រូវមើលលើពេលវេលាឱកាសនិងកាលៈទេសៈដែរមិនអាចចេះប្រើញឹកញាប់ពេកនោះទេព្រោះអាចនឹងធ្វើឱ្យគេធុញចប់ហើយគិតថាយើងមានជំងឺសរសៃប្រសាទផងក៏ថាបាន ដូច្នេះមុននឹងប្រើត្រូវគិតគូឱ្យល្អិតល្អន់ផង
៣. ធ្វើខ្លួនជាមនុស្សអាថ៌កំបាំងដើម្បីឱ្យគេមានអារម្មណ៍ដូចជាព្រានតាមប្រមាញ់



មនុស្សប្រុសភាគច្រើនចូលចិត្តអារម្មណ៍ជាព្រានព្រៃ ព្រោះពេលដែលគេចូលទៅញ៉ែឬសុំស្នេហ៍នារីណាម្នាក់ គេសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីឱ្យបានបេះដូងរបស់នាងមិនថាកម្លាំងកាយនិងកម្លាំងចិត្ត។ ដូច្នេះបើសិនជាមនុស្សស្រីយើងធ្វើខ្លួនជាមនុស្សអាថ៌កំបាំងប្រៀបដូចជាកូនម្រឹគនឹងកាន់តែធ្វើឱ្យចង់ស្គាល់ចង់ជិតស្និទ្ធថែមទៀត ហេតុនេះកុំព្យាយាមនិយាយប្រាប់គេឱ្យអស់ពីខ្លួនអ្នក តែត្រូវធ្វើឱ្យគេកើតក្ដីសង្ស័យហើយព្យាយាមស៊ើបសួរពីអ្នកប្រសើរជាង។ វិធីសាស្ត្រនេះនឹងធ្វើឱ្យបុរសដែលមកស្រលាញ់អ្នកគិតថាអ្នកជាមនុស្សស្រីមានតម្លៃគួរឱ្យចង់ស្វែងយល់កាន់តែចង់ដឹងពីអ្នកច្រើនប៉ុណ្ណាគេកាន់តែលង់ស្នេហ៍លើអ្នក ហើយនេះគឺជាមន្តស្នេហ៍ដ៏ទាក់ទាញមួយសម្រាប់មនុស្សស្រីដែលនឹងធ្វើឱ្យបុរសលង់ស្នេហ៍អ្នកដកចិត្តមិនរួច។
៤. ឈប់ធ្វើខ្លួនដូចនំឆាខ្វៃជាប់គ្នារហូត ត្រូវមានពេលវេលាសម្រាប់ខ្លួនឯងខ្លះ



ច្បាប់ដ៏សំខាន់សម្រាប់នារីដែលចង់លេងចរិតឱ្យគេចាប់អារម្មណ៍សូមឈប់ធ្វើខ្លួនដូចនំឆាខ្វៃព្យាយាមនៅជាមួយគេគ្រប់ពេលវេលា ទោះជាអ្នកចាប់អារម្មណ៍បុរសម្នាក់នោះតែកុំព្យាយាមចូលទៅក្បែរគេឬទៅណាមកណាជាមួយគេរហូត ព្រោះបើអ្នកធ្វើបែបនេះនឹងធ្វើឱ្យគេគិតថាអ្នកជាមនុស្សស្រីចិត្តងាយ ចង់គេធ្វើអ្វីក៏បាន ដូច្នេះពេលដែលគេខលមកបបួលមិនចាំបាច់ត្រូវ OK រហូតនោះទេ Say No ខ្លះដើម្បីឱ្យគេដឹងថាយើងមិនមែនមានពេលវេលាសម្រាប់តែគេម្នាក់នោះទេ តែយើងមានការងារផ្សេងៗក្នុងជីវិតដែលត្រូវបំពេញដូចគ្នា។ អ្នកសាកធ្វើបែបនេះនឹងធ្វើឱ្យបុរសជាអ្នកព្យាយាមចូលមកក្បែរអ្នកវិញ
៥. កុំចេញចរិតហ្ស៊ីនឱ្យគេដឹងថាយើងចូលចិត្តគេខ្លាំងជាដាច់ខាត



ឈប់សិនកញ្ញាៗ! ទោះជាអ្នកនិងបុរសដែលអ្នកពេញចិត្តមានចិត្តដូចគ្នា បានសេចក្ដីថាអ្នកចូលចិត្តគេចំណែកគេក៏ចូលចិត្តអ្នកតែអ្នកត្រូវចេះចាប់ហ្វ្រាំងកុំបញ្ចេញអស់ពេកព្រោះអាចនឹងធ្វើឱ្យពួកគេយល់ថាគេអាចយកចិត្តអ្នកបានហើយ តទៅគេនឹងលែងព្យាយាមធ្វើអ្វីទាំងអស់។ ដើម្បីបង្ការចំណុចនេះនារីគួរចាំបើសិនមិនទាន់បើកចំហសេពគប់គ្នាជាសង្សារឬក្នុងឋានៈច្បាស់លាស់ណាមួយមិនគួរបង្ហាញចរិតហ្ស៊ីនឱ្យដឹងពីចិត្តយើងទាំងស្រុងដូចជាការខលការផ្ញើសារឬទៅរកគេញឹកញាប់ពេកនឹងធ្វើឱ្យគេធុញហើយរត់គេចចេញពីអ្នកក៏ថាបានខណៈដែលសម្ព័ន្ធភាពនៅកណ្ដាលទី។