ភ្នំពេញ ៖ បុរសម្នាក់ខណៈដែលកំពុងជិះម៉ូតូឆ្លងផ្លូវ ត្រូវបានរថយន្តឡិចសុីសRX400h បើកលឿនជ្រុលទៅបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហូរឈាមតាមមាត់ តាមច្រមុះ សន្លប់ឈឹងនៅកន្លែង នៅតាមមហាវិថីឈ្នះ ឈ្នះ ចំណុចភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។

ជនរងគ្រោះមានឈ្មោះ ឃុន រុន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ក្នុងសភាពរបួសធ្ងន់ធ្ងរ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1ID-4440 ជិះពីកើតទៅលិច ខណៈដែលកំពុងឆ្លងមហាវិថីឈ្នះ ឈ្នះ ស្រាប់តែរថយន្តម៉ាកឡិចសុីសRX400h ពណ៌ស្ករ ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-9954 បើកល្បឿនលឿនពីជើងទៅត្បូង បុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែកឯរថយន្តនិងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍សំរោងក្រោម រួចប្រគល់ទៅការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ កសាងឯកសារតាមនីតិវិធី ៕

អត្ថបទ៖ តាតុង ពោធិ៍សែនជ័យ

Share.