“គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង” ។ នេះជាឃ្លាមួយដែលលើកឡើងដោយ ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប។ 

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី យុវតី ឈាង យុគីលីសា សិស្សថ្នាក់ទី១១ នៃសាលា ប៊ែលធី អន្តរជាតិទី២១ (សាខាផ្សារឈូកមាស) ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសទទួលស្គាល់ស្នាដៃ និងអនុញ្ញាតឲ្យបោះពុម្ភផ្សាយសៀវភៅកំណាព្យជាភាសាអង់គ្លេស ចំណងជើង “11:11 Wishes” និងទទួលបានអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ព្រមទាំងសាកលវិទ្យាល័យល្បីៗ ៦ផ្សេងទៀត នៅបរទេស”

យុវតី ឈាង យុគីលីសា

ឯកឧត្តម បណ្ឌិត លី ឆេង បានលើកឡើងនៅបណ្ដាញសង្គមហ្វេសបុកថា ក្មួយស្រីក៏បានឈ្នះ និងទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការប្រកួតអំណានពិភពលោក របស់ WPIMUN និងក្លាយជាគណៈកម្មាធិការថ្នាក់ជាតិតំណាងកម្ពុជាទៅវាយតម្លៃ និងដាក់ពិន្ទុដល់ក្រុមអន្តរជាតិនៅ Macau World Schools Debating Championship 2021 ផងដែរ។ 

ឯកឧត្តមបន្ដទៀតថា «ជោគជ័យរបស់ក្មួយនាពេលនេះគឺ មិនត្រឹមតែសម្រាប់ខ្លួនក្មួយម្នាក់ឯងនោះទេ តែក៏ជាជោគជ័យ និងមោទកភាពរបស់ក្រុមគ្រួសារ សាលារៀន និងសង្គមជាតិទាំងមូលផងដែរ។ ហើយអ៊ំ ក៏សូមលើកទឹកចិត្តក្មួយ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត និងយកចំណេះដឹង ជាពិសេស សមត្ថភាព និងទេព្យកោសល្យដែលក្មួយមាន មកចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យបានកាន់តែរីកចម្រើននាពេលអនាគត និងត្រូវធ្វើខ្លួនជាទំពាំងស្នងឫស្សី និងធនធានមនុស្សប្រកបដោយ សមត្ថភាព សីលធម៌ និងគុណធម៌ខ្ពស់ក្នុងសង្គម»៕ 

Share.