​​កញ្ញា រី រង្សី ​ឬ​ ឈ្មោះ​ក្នុង​សិល្បៈ​​ YungLady កំពុង​តែ​ល្បីល្បាញ​និង​មាន​​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​​អ្នក​ស្ដាប់​ ព្រោះ​តែ​ការ​​បទ​និពន្ធ​និង​ច្រៀង​ «១៨» ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ ជាង​​មួយ​សប្ដាហ៍​បទ​នេះ​មាន​ចំនួន​ ទស្សនា​ជាង​ ១លាន​ដង លើ​ហ្វេសប៊ុក​។

ក្រោយ​មើល​ឃើញ​ពី​សន្ទុះ​គាំទ្រ​យ៉ាង​ខ្លាំងពី​សំណាក់​អ្នក​ទស្សនា​និង​ស្ដាប់​បទ​ចម្រៀង​ «១៨» ដែល​ច្រៀង​ Rap រៀបរាប់ពី​កញ្ញា​ គ្រី សុដាឡែន​ ហៅ​ជ្រុង​ ​សារព័ត៌មាន​ត្រយង​បាន​ធ្វើ​ការ​ទំនាក់​ទំនង​ទៅ​កាន់​​ប្អូន​ស្រី​ YungLady តាម​សារ​អេឡិចត្រូនិក​ ពី​កត្តា​សំខាន់​ដែល​ជំរុញ​ទឹក​ចិត្ត​ឱ្យ​ប្អូន​ស្រី​ចំណាយ​ពេលវេលា​ស្រាវជ្រាវនិង​និពន្ធ​បទ​នេះ​ឡើង។​​

ប្អូន​ស្រី​ YungLady បាន​ឱ្យ​ដឹង​ថា​គ្រួសារ​ប្អូន​​ធ្លាប់​បាត់បង់​មនុស្ស​ជា​ទី​ស្រលាញ់​ដោយ​សារ​តែ​គ្រោះថ្នាក់​ចរាចរណ៍គឺ​លោក​តា និង​ លោក​ពូ​​ តែ​មិន​អាច​វែក​មុខ​រក​ជន​បង្ក​ឃើញ​ ខណៈ​សាច់​រឿង​​ គ្រី សុដាឡែន​ ក៏អយុត្តិធម៌​មិន​អាច​វែក​មុខ​រក​ឃាតក​ឃើញដូច​គ្នា​​ ហើយ​ថែម​ទាំង​មាន​មតិ​មួយ​ចំនួន​បាន​ចេញ​មក​ ស្ដីបន្ទោស​ រិះគន់​ តិះដៀល ដល់​​កញ្ញា​​ដ៏​កម្សត់​រូប​នេះថែម​ទៀត​​។​

តារា​ចម្រៀង​ Rap វ័យក្មេង និង​ជា​អ្នក​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ ហៅ​ YungLady ក៏​ទទួល​ស្គាល់​ដែរ​ថា​ទម្រាំ​អាច​និពន្ធ​បទ​ចម្រៀង​នេះ​ត្រូវ​សាច់​រឿង​​តាម​​លំដាប់​លំដោយ​មាន​ការ​លំបាក​ច្រើន​ព្រោះ​ត្រូវ​ស្រាវជ្រាវ​រក​ព័ត៌មាន​ពាក​់​ព័ន្ធ​នឹង​កញ្ញា​ ជ្រុយ ហើយ​ព័ត៌មាន​ដែល​រក​បានក៏​នៅ​មាន​កម្រិត​ទៀត​ ដូច្នេះ​ពាក្យ​គ្រប់​ម៉ាត់​មិន​មែន​ត្រឹមត្រូវ​១០០​ភាគរយ​ដែរ​។

មួយ​វិញ​ទៀត​ ការ​សរសេរ​បទ​ចម្រៀង​ Rap ខុស​គ្នា​ពី​សរសេរ​តែ​សេចក្ដី​ ព្រោះ​ត្រូវ​ការ​ពាក្យ​ចុង​ជួន​ បើ​គ្មាន​ពាក្យ​ចុង​ជួន​ទេ​ គឺ​គ្មាន​អត្ថន័យ​អ្វី​នោះ​ទេ​។ ប្អូន​ស្រី​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​បទ​ចម្រៀង​នេះ​​​មាន​មិត្ត​ភក្ដិ​ជួយ​ផលិត​បទ​ភ្លេង​ គឺ​ Chan Shela ហៅ​ Slomo និង​ប្អូន​ប្រុស​ម្នាក់​ទៀត​គឺ​ Chea Vichet ដែល​ជា​ Master Engineer ឱ្យ​បទចម្រៀង​១៨​នេះ​ បើ​គ្មាន​អ្នក​ទាំង​ពីរ​រូប​នេះ​ទេ​ បទ​ «១៨» ក៏​មិន​មាន​វត្តមាន​លើ​បណ្ដាញ​សង្គម​ដែរ​។

ងាក​មក​ជីវិត​ឯក​ជន​វិញ​ កញ្ញា រី រង្សី បាន​ឱ្យ​ដឹង​ថា​មុន​នឹង​អាច​ឈាន​ជើង​ចូល​​ក្នុង​ពិភព​សិល្បៈ​នេះ​បាន​កញ្ញា​មាន​ការ​តស៊ូ​ច្រើន ទោះ​ជា​មិនមាន​ការ​គាំទ្រ​ពី​សំណាក់​ក្រុម​គ្រួសារ​ក្ដី​ ប៉ុន្តែ​ព្រោះ​ក្ដី​ស្រលាញ់​កញ្ញា​​មិន​ប​ាន​បោះបង់​ចោល​ក្ដី​ស្រមៃ​ឡើយ ទោះ​ជា​ការ​ចាប់​ផ្ដើម​មាន​ឧបសគ្គ​ ការ​ហាម​ឃាត់ពី​អ្នក​មាន​​គុណ បទ​ចម្រៀង​មិ​ន​ទាន់​មាន​ការ​ទទួល​ស្គាល់​ ខ្វះខាត​កញ្ចប់​ថវិកា​ផលិត​បទ​ចម្រៀង​ប្រកបដោយ​គុណភាព​។ល។​

ប៉ុន្តែ​កញ្ញា​បាន​ឆ្លើយ​ដោយ​ក្ដី​រីករាយ​ថា គ្រប់​យ៉ាង​បាន​កន្លង​ហួស​អស់​ទៅ​ហើយ​ ពេល​នេះ​កញ្ញា​អាច​ធ្វើ​តាម​បេះដូង របស់​ខ្លួនឯង ហើយ​កញ្ញាក៏​នឹង​ព្យាយាម​ធ្វើ​ឱ្យ​បាន​ល្អ​ជា​ទី​បំផុត​ដើម្បី​ហ្វេន​ៗ​ដែល​ជា​អ្នក​គាំទ្រ​បទ​ចម្រៀង​ ក៏​ដូច​ជា​វីដេអូ​ផ្សេងៗ​ទៀត​របស់​កញ្ញា​ផង​ដែរ។ ក្នុង​នោះ​ YungLady ក៏​បាន​ផ្ដាំ​ដែរ​ថា​ចំពោះ​អ្នក​ដែល​ស្រលាញ់​ចូល​ចិត្ត​ប្អូន​ស្រី​អាច​តាម​ដាន​ព័ត៌មាន​និង​ការងារ​ថ្មីៗ​របស់​ប្អូន​តាមរយៈ​ Facebook Page : YungLady និង​ Channel YouTube : YungLady បាន​ ព្រោះ​ក្នុង​នោះ​បន្ត​ស្រី​នឹង​បន្ត Update និង​ចែក​រំលែក​អ្វី​ៗ​ថ្មី​ៗជាមួយ​នឹង​អ្នក​គាំទ្រ​។​​

កញ្ញា​ រី រង្សី បាន​ឆ្លៀត​ឱកាស​នេះ​ថ្លែងអំណរ​គុណ​ចំពោះ​ហ្វេន​ដែល​​ជា​អ្នក​គាំទ្រ​ បាន​ជួួ​យ​គាំទ្រ​​ និង​លើក​ទឹក​ចិត្ត​កញ្ញា ​ជា​ពិសេស​បញ្ចេញ​ជា​មតិ​យោបល់​ល្អៗ​ ដែល​ជា​កម្លាំង​ចិត្តឱ្យកញ្ញា​ដើរ​ឆ្ពោះ​ទៅ​​ខាង​មុខ​លើ​វិថី​សិល្បៈ​នេះ​យូរ​អង្វែង​ជា​បន្ត​ទៀត​៕ ​

Telegram-Troryorng
Share.