ចាន់ លីណា និង ប៉ែន សុខគង់

ក្រោយ​បញ្ចប់​បេសកកម្ម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក Olympic Games 2020 នៅ​ទីក្រុង​តូក្យូ កាល​ពី​ពេល​ថ្មីៗ កីឡាករ ប៉ែន សុខគង់ ត្រូវ​​បន្ត​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន រហូត​ដល់​ស៊ីហ្គេម​ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម ខាង​មុខ។

យោង​តាម​ការ​បញ្ជាក់​របស់​អតីត​​កីឡា​ការិនី​វាយកូនគោល និង​អត្តពលកម្ម​កម្ពុជា ចាន់ លីណា ដែល​មាន​ម្តាយ​ជា​ជនជាតិ​ខ្មែរ និង​ឪពុក​ជា​ជនជាតិ​ជប៉ុន ដែល​រស់​នៅ​ប្រទេស​ជប៉ុន លើក​ឡើង​នៅ​លើ​ហ្វេសប៊ុក​របស់​នាង​ថា៖«កីឡាករ ប៉ែន សុខគង់ មិន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​មាតុភូមិ​វិញ​ជាមួយ​នឹង​ប្រតិភូ​កម្ពុជា នោះ​ទេ ព្រោះ​ពួក​យើង​នៅ​ទីនេះ​ជួយ​គាំទ្រ​ដល់​ការ​ស្នាក់នៅ​ហូបចុក​ ហ្វឹកហាត់​របស់​គេ​​រហូត​ដល់​ស៊ីហ្គេម ឆ្នាំ​២០២២ នៅ​វៀតណាម។ គាត់​នឹង​រស់​នៅ​ទីក្រុង Kanagawa Prefecture។ អរគុណ​គ្រប់​គ្នា​ដែល​តែងតែ​គាំទ្រ»។

អត្ថបទពាក់ព័ន្ធ៖ប៉ែន សុខគង់ រត់​បាន​​១១.០២​វិនាទី ក្នុង​ចម្ងាយ​១០០ម៉ែត្រ​នៅ​អូឡាំពិក តែ​អស់​ឱកាស​យក​មេដាយ

កីឡាករ ប៉ែន សុខគង់ បាន​ចូលរួម​ប្រកួត​រត់​ចម្ងាយ​១០០​ម៉ែត្រ​សេរី​ផ្នែក​បុរស ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ដោយ​ស្ថិត​នៅ​ Heat ទី១ ប្រើ​ថិរវេលា​បាន ១១.០២ វិនាទី ឈរ​លេខ៦ ក្នុង​ចំណោម​អ្នក​ស្ថិត​ក្នុង Heat ជាមួយ​គ្នា​ដែល​មាន​៩នាក់។ មេដាយមាស វិញ្ញាសា​នេះ​បាន​ទៅ​កីឡាករ​អ៊ីតាលី Marcell Jacobs ប្រើ​ថេរវេលា​ ៩.៨០​វិនាទី មេដាយ​ប្រាក់​បាន​ទៅ​កីឡាករ Fred Kerley របស់​អាមេរិក ប្រើ​ថេរវេលា​៩.៨៤​វិនាទី និង​មេដាយ​សំរឹទ្ធ បាន​ទៅ​កីឡាករ Andre De Grasse របស់​កាណាដា ប្រើ​ថេរវេលា​បាន​៩.៨៤​វិនាទី៕

Telegram-Troryorng
Share.