កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ លីម អារុណ រ៉េយមិន ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC) និង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC)ជ្រើសរើស​ធ្វើ​ជា ទូត​សុឆន្ទៈ​ខាង​ផ្នែក​«ទំនួល​ខុស​ត្រូវ​របស់​វិស័យ​កីឡា​បាល់ទាត់​ចំពោះ​សង្គម eGoal Social Responsibility Ambassador»។

បើតាម​ការ​ផ្សព្វផ្សាយ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ក្រោយ​ទទួល​បាន​ឱកាស​ជា​ទូត​សុឆន្ទៈ​«​ផ្នែក​ទំនួល​ខុស​ត្រូវរបស់វិស័យកីឡាបាល់ទាត់ចំពោះសង្គម eGoal Social Responsibility Ambassador» កីឡាករ លីម អារុណ រ៉េយមិន បាន​ធ្វើ​បទបង្ហាញ​ស្ដីពី​តួនាទី និង​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​របស់​វិស័យ​កីឡា​បាល់ទាត់​ក៏​ដូចជា​យុវជន​នៅ​ក្នុង​សង្គម​ចំពោះ​ការ​ជួយជ្រោមជ្រែង លើកស្ទួយ និងថែរក្សានិរន្តរភាពសម្រាប់បរិស្ថាន សង្គម និង​សេដ្ឋកិច្ច​តទៅ​ថ្ងៃ​អនាគត​ប្រកប​ដោយ​ចេរភាព ដើម្បីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង និង​សារៈ​សំខាន់ៗ​ជូន​យុវជន យុវនារី និង​កុមារនៃអង្គការ Flame Cambodia។

ប្រភព​បញ្ជាក់​ថា​ការ​ចែករំលែក​នេះ ធ្វើ​នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដែល​សិក្ខាសាលា (online) នេះ​ផង​ដែរ​មាន​ការ​ចូលរួមពីតំណាងឱ្យ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា លោក ឈូក ពិសិដ្ឋ លោក លីម គុណ ដែល​ជា​ឱពុករបស់ លឹម អារុណ រ៉េយមិន ថ្នាក់​ដឹកនាំ​នៃ​អង្គការ Flame Cambodia ព្រម​ជាមួយ​និង​យុវជន យុវនារីចំនួនប្រមាណជាង១៥ នាក់។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​កោតសរសើរ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ លីម អារុណ រ៉េយមិន ក្នុង​ការ​បំពេញតួនាទីខ្លួនប្រកបដោយជោគជ័យ៕

Telegram-Troryorng
Share.