កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​លំដាប់​ពិភពលោក Miss Universe បាន​បញ្ចប់​ជា​ស្ថាពរ​ ដោយ​រក​បាន​បេក្ខភាព​ជើង​ខ្លាំ​ង​ក្លាយ​ជា​ ម្ចាស់មកុដ​ Miss Universe 2023 គឺ​កញ្ញា​ Sheynnis Alondra Palacios Cornejo (ហ្សេនីស អាឡូនដ្រា ផាឡាស៊ីអូស ខ័រ​នេ​ជូ) បវរកញ្ញា​តំណាង​ប្រទេស នីហ្គារ៉ាហ្គ័រ​។ ថ្វី​ត្បិត​កម្មវិធីចប់​ តែ​អ្នក​គាំទ្រ​ហាក់​ដូច​ជា​មិន​ទាន់​ចប់​ មិន​ទាន់​អស់​ចិត្ត​ចំពោះ​លទ្ធផល​ខាង​លើ​នេះ​នៅ​ឡើយ​ ដោយ​ក្នុង​នោះ​​​ក៏​មាន​អ្នក​គាំទ្រ​​ ដែល​បាន​ដាក់​ក្ដី​រំពឹង​យ៉ាង​ខ្ពស់​ទៅ​លើ​​កញ្ញា​ ចន សុទិម៉ា ព្រោះ​មាន​​សម្រស់​ស្អាត​និង​សមត្ថភាព​ចំណេះដឹង​ក៏​ខ្ពស់​ ​ តែបែរជា​មិន​បានឡើង​ទៅ​ដល់​វគ្គ​ Top ណាមួយ​នៃ​ការ​ប្រកួត​ទៅ​វិញ​។ ​អំឡុង​ពេល​ប្រកួត​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​បោះ​សំដី​ទៀត​ថា​ ប្រសិន​បើ​ សុទិម៉ា មិន​បាន​ឡើង​ដល់​ Top នឹង​ឈប់​មើល ​ឬ​គាំទ្រ​កម្មវិធី​ប្រកួត​នេះ​​ជា​បន្ត​ទៀត​ ព្រោះ​គ្រប់​គ្នា​សុទ្ធតែ​ជឿជាក់​ និង​ទុក​ចិត្ត​លើ​ សុទិម៉ា ខណៈ​ដែល​ឆ្នាំ​២០២៣​នេះ​ ​បណ្ដាញផ្សព្វផ្សាយ​ឬ​ហ្វេនៗ​បរទេស​ជា​ច្រើន​ ក៏​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​បេក្ខនារី​កម្ពុជា​រូប​នេះ​ជា​ពិសេស​ផង​ដែរ​។ នេះ​មិន​និយាយ​ដល់​​អ្នក​សិល្បករ​ ឬ​អតីត​បេក្ខភាព​ប្រកួត​សម្រស់​នានា ដែល​បាន​ចេញ​មក​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ដែល​បេក្ខនារី​កម្ពុជា​មិន​ទទួល​បាន​ចំណាត់​ថ្នាក់​ក្នុង​ Top ណាមួយ​ផង​។

ការ​​មិន​ទទួល​បាន​តំណែង​ ឬ​ចូល​ដល់​កម្រិត​ Top ណាមួយ​របស់​ កញ្ញា ចន សុទិម៉ា នេះ​ធ្វើ​ឱ្យ​ផេក​មួយ​ចំនួន​បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ព្រោះ​បេក្ខភាព​ជើង​ខ្លាំង​ប្រហែល​ សុទិម៉ា ទៅ​ហើយ​ នៅ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ តើ​ទៅ​ថ្ងៃ​មុខ​កម្ពុជា​នឹង​មាន​បេក្ខភាព​ខ្លាំង​ៗ​ច្រើន​ទៀត​ ត្រៀម​ចេញ​ទៅ​ប្រកួត​ដែរទេ? ដូចជាការ​លើក​ឡើង​មួយ​របស់​ផេក Universe Pageant បាន​លើក​ឡើង​ថា​៖ តើ​យើង​គួរ​តែ​យក​បវរកញ្ញា​បែបណាទៀតទៅប្រកួត​ Miss Universe បើ​អ្នក​ខ្លាំង​ៗប្រចាំ​ប្រទេស​យើង​យក​ទៅ​អស់​ហើយ?

ចំពោះ​ការ​លើក​ឡើ​ង​នេះ​ មាន​ការ​ឆ្លើយ​តប​ផ្សេងៗ​ពី​គ្នា ដោយ​មាន​អ្នក​ខ្លះ​យល់​ថា កម្មវិធី​មិន​មាន​ភាព​សុក្រិត​ មិន​យុត្តិធម៌ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​​បាន​លើក​ហេតុ​ផល​មក​បញ្ជាក់​ ដោយ​មាន​ជា​អំណះអំណាង​គួរ​ទទួល​យក​បាន​ថា​ ៖ «ខ្ញុំជឿថាបវរកញ្ញារបស់យើងមានសម្រស់ និងសក្ដានុពល​គ្រប់​គ្រាន់​ក្នុងការក្លាយជាបវរកញ្ញារួចហើយ ប៉ុន្តែនៅមាន​រឿង​ជា​ច្រើន​ទៀត​ដែលយើងត្រូវផ្តោតទៅលើដូចជា ប្រវត្តិអប់រំរបស់នាង សមត្ថភាពនិយាយជាសាធារណៈ និងការចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និងសង្គម។ ស្ទើរតែគ្រប់បេក្ខភាពចុងក្រោយកំពូលទាំង 20 មានប្រវត្តិគួរឱ្យចាប់អារម្មណ៍ក្នុងការនិយាយជាសាធារណៈ ការអប់រំ ការតស៊ូមតិ អាជីព និងការងារសប្បុរសធម៌។ ប្រហែលជាទាំងនេះគួរតែជាការពិចារណាចម្បងនៅពេលជ្រើសរើសបេក្ខភាព​តំណាង​ប្រទេស​បន្ទាប់។»

ខណៈ​ដែល​ផេក​គាំទ្រ​វិស័យ​ប្រកួត​សម្រស់​ដ៏​មាន​ឥទ្ធិពល​មួយ​គឺ​ Beauty Pageant Reviewer ក៏​បាន​លើក​ឡើង​ត្រង់​ៗ​ឥតមាន​បញ្ឆិតបញ្ឆៀងដែរ​ពី​កត្តា​មិន​បាន​ចូល​ Top  របស់​កម្ពុជា​ ​៖ ចំណុចខ្សោយ​បវរកញ្ញាកម្ពុជា​នៅ​ចក្រវាល​ គឺ​ ជាប់ហើយបានទៅរកធ្វើសប្បុរសធម៌​ តែ​ ស្រុកគេអត់ចឹងទេ! សប្បុរសធម៌​រាប់ឆ្នាំ​ មាន​គ្រោងការណ៍ច្បាស់លាស់សិន​ បានមកចូល​ចក្រវាល​។ ដែល​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​បញ្ចេញ​មតិ​បន្ថែម​ដែរ​ថា​៖ «ប្រសិនបើចង់ចូលចក្រវាឡត្រូវមាន ÷ ប្រវត្តិរូប​​ទាក់ទាញ មាន​ជំនាញ​និយាយ​ជា​សាធារណៈ មាន​កម្រិត​វប្បធម៌ខ្ពស់​ មាន​ មាន​ជំនាញ​តស៊ូមតិ​ មាន​សកម្មភាព​មនុស្ស​ធម៌ និង​មាន​ទំនាក់ទំនង​ល្អ​។ កម្មវិធីមួយនេះគេត្រូវការស្រ្តីដែលខ្លាំង មាន Power ក្នុងការតស៊ូមតិ មានភាពជាអ្នកដឹកនាំនៅក្នុងខ្លួន ច្រើនជាងរូបសម្រស់។»

ជា​ការ​ពិត​ណាស់​ អ្នក​គាំទ្រ​ណា​ក៏​ដោយ​​រមែង​ចង់​ឃើញ​បេក្ខភាព​តំណាង​ប្រទេស​របស់​ខ្លួន​ឈ្នះ​មកុដ​ ឬ​ចូល​ទៅ​ក្នុង​កម្រិត​ Top ប៉ុន្តែ​កម្ពុជា​ខ្លួន​ឯង​ក៏​ត្រូវ​ងាក​មក​សម្លឹង​ពី​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ និង​ជាពិសេស​គឺ​ត្រូវ​យល់​ឱ្យ​បាន​ច្បាស់​ថា​តើ​កម្មវិធី​តម្រូវ​អ្វី​ គោលបំណង​​ចំបង​ចង់​បាន​អ្វី​ ដើម្បី​ត្រៀម​លក្ខណៈ​សម្បត្តិ​​បេក្ខជន​ដែល​ត្រូវ​ទៅ​ប្រកួត​ឱ្យ​បាន​គ្រប់គ្រាន់ ត្រូវ​នឹង​អ្វី​ដែល​កម្មវិធី​ចង់​បាន​នោះ​ មិន​យូរ​មិន​ឆាប់​មកុដ​ Winner ឬ​លំដាប់​ Top កម្ពុជា​ប្រាកដ​ជា​អាច​យក​បាន​ដូច​ប្រទេស​គេ​ឯទៀត​ដែរ​៕

Share.