សិល្បៈជាតិ​៖ ថ្មីៗ​នេះ​ក្រោយ​សង្កេត​ឃើញ​ពី​ភាព​ស្និតស្នាល​ខុស​ធម្មតា​រវាង​អ្នក​មេម៉ាយ​ដ៏​ស្រស់​សោភា និង​អ្នក​កំលោះ វន ជីវ័ន្ត ​អតីត​បេក្ខជន​ដ៏​លេចធ្លោ​នៃ​កម្មវិធី​កម្រិត​ពិភពលោក The Voice Cambodia រដូវកាល​ទី​៣ ថាមាន​ភាព​ល្អូកល្អឺន​ខុស​ធម្មតា ធ្វើ​ឱ្យ​កើត​មាន​ការ​សង្ស័យ​ថា​ តើទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​ចេញ​ផុត​ពី​ពាក្យ​ថា​​ friendzone ហើយ​ឈាន​ឆ្ពោះ​ទៅ​រក​ពាក្យ​ថា​គូស្នេហ៍​ហើយ​មែនទេ?

ចម្ងល់​នេះ​​ត្រូវ​បាន​លាត​ត្រដាង​ឱ្យ​សាធារណជន​ ពិសេស​អ្នក​គាំទ្រ​បាន​ដឹង​ហើយ ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​19 ខែ​វិច្ឆិកា ដោយ​ភាគី ​ខាង​ប្រុស​បាន​សារភាព​ខ្ទេចគ្មាន​សល់​ថា​ខ្លួន​ពិត​ជា​លួច​ស្រលាញ់​ ខាង​ស្រី​ប្រាកដ​មែន ប៉ុន្តែ​កំពុង​រង់ចាំ​ខាង​ស្រី​បើក​ភ្លើង​ខៀវ​? ចុះ​ខាង​អ្នក​នាង ទូច ស្រី​ល័ក្ខ ដែល​ធ្លាប់​រងគ្រោះ​ខ្ទេចខ្ទាំបេះដូង​ ដោយ​សារ​ស្នេហាបែកបាក់​ម្ដង​រួច​មក​ហើយ​នោះ​ នឹង​មាន​សេចក្ដី​ក្លាហាន​បើក​ចិត្ត​ទទួល​យក​ស្នេហា​ពី​អ្នក​កំលោះ​វ័យក្មេង​ ដែល​មាន​អាយុ​ប្អូន​ខ្លួន​ ថែម​ទាំង​មាន​រូប​រាង​សង្ហា​ម្នាក់​នេះ​ដែរ​ទេ?​

នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​ទូរទស្សន៍​ CNC ដែល​មាន​វត្តមាន​អ្នក​នាង​ ទូច ស្រីល័ក្ខ និង​ លោក​ វន ជីវ័ន្ត ជា​តារា​កិត្តិយស​ និង​បាន​បកស្រាយ​បទ​ចម្រៀង​រួច​គ្នា​ជាច្រើនបទចប់ ពិធីករ និងពិធីការិនី​ បាន​ដើរតួជាអ៊ីអ្នក​ជិត​ខាង​ឈរ​សម្ភាសន៍​ សាកសួរ​ពី​ទំនាក់ទំនង​ដ៏​គួរ​សង្ស័យ​រវាង​អ្នក​ទាំង​ពីរ​ ដោយពិធីករ​ បាន​សួរ​ថា​ តើ​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​គ្នា​ សូមឆ្លើយ​ដោយ​ស្មោះ​ត្រង់​ ស្បថ​ ហាម​​និយាយ​កុហក។

ដោយ​ដំបូង​ឡើយ​បុរស​សង្ហា​ វង ជីវ័ន្ត​ ហាក់​ដូច​ជា​អេះអុញ​ ហើយ​​ឆ្លើយ​បង្វៀង​ថា ទំនាក់ទំនង​​និង​ពិត​ខ្លះ​ និង​សាច់​រឿង​ចម្រៀង​ខ្លះ​ ប៉ុន្តែ​ក្រោយ​ពី​ត្រូវ​ពិធីករ​ព្យាយាម​​សួរ​ជីកឬសជីកគល់ ទីបំផុត​បុរស​វ័យ​២៤​ឆ្នាំ​ ដាច់​ចិត្ត​ឆ្លើយ​កាត់​កេរ្តិ៍កាត់​ខ្មាស់​លើ​ឆាក​ថា​ «ទំនាក់ទំនង​ពិត ឥឡូវកំពុង​សុំ​ស្រលាញ់​ តែ​បេះដូង​រាង​លំបាក​បន្តិច​ រាងចង្អៀត កំពុង​មើល​ចិត្ត​» ​ក្រោយ​បាន​ចម្លើយ​ចេញ​ពី​បបូរ​មាត់​ខាង​ប្រុស​ហើយ​នោះ មុខ​ព្រួញ​បាន​ងាក​មក​ខាង​ស្រី​វិញ​ម្ដង​ តើ​អ្នក​នាង​ ទូច ស្រីល័ក្ខ​ ព្រម​បើក​ចិត្ត​ទទួល​យកក្ដី​ស្រលាញ់​ពី​​អ្នក​កំលោះ​រូប​សង្ហា​នេះ​ដែរទេ?​

អ្នក​នាង​ ទូច ស្រីល័ក្ខ​ បាន​តបថា «ពេល​ខ្លះ​យើ​ងធ្លាប់​ពិបាក​ម្ដងហើយ អ៊ីចឹងទៅ​យើង​ក៏​ទុកពេលវេលា​ក្នុង​ការ​មើល​ដែរ​ ប៉ុន្តែ​គាត់​មាន​អាក្រក់​ឯណា? ឥឡូវ​នាងខ្ញុំ​កំពុង​តែ​មើល​ចិត្ត​ ចិត្ត​ហ្នឹង​សំខាន់ណាស់»

ការ​ឆ្លើយ​តប​របស់​អ្នក​នាង​ ទូច ស្រីល័ក្ខ ខ្លី​ៗ​ប៉ុណ្ណឹង អាច​បញ្ជាក់​បាន​ថា​អ្នក​នាង​ មិន​បាន​បិទទ្វារ​បេះដូង​ជិត​ឈឹង​នោះ​ឡើយ​ ព្រោះ​អ្នក​នាង​បាន​ទុក​ឱកាស​ ឱ្យ​អ្នក​កំលោះ​បាត់​ដំបង បញ្ជាក់​ចិត្ត​ស្មោះ​ចំពោះ​ខ្លួន ដោយ​ទុក​ឱ្យ​ពេល​វេលា​ជា​អ្នក​បញ្ជាក់ការ​ពិត​​ ថា​តើ​អ្នក​ទាំង​ពីរ​អាច​បន្ត​ដើរ​ទៅ​មុខ​ជា​មួយ​គ្នា​ក្នុង​នាម​ជា​គូស្នេហ៍​ ឬ​ស្ថិត​ត្រឹម​ជា​ Friendzone រាប់​អាន​គ្នា​ប្រៀប​ដូច​ជា​បងប្អូន​ធម្មតា​។

មែនទែន​ទៅ​អ្នក​គាំទ្រ​អ្នក​នាង ប្រាកដ​ជា​ដឹង​ហើយ​ថា​ អាពាហ៍ពិពាហ៍របស់​​អ្នក​នាង​ជាមួយ​នឹង​​ អតីត​ស្វាមី​ជនជាតិ​ ន័រវែស​ បាន​បញ្ចប់​ទៅ​ដោយ​មិន​សូវជា​ល្អ​ប៉ុន្មាន​នោះ​ឡើយ ​រហូត​ឈាន​ដល់​មាន​ការ​ប្ដឹង​ផ្ដល់​គ្នា​ឡើង​តុលាការ​ថែម​ទៀត​ ដូច្នេះ​ហើយ​តាំង​ពី​ចែក​ផ្លូវ​គ្នា​មក​អ្នក​នាង​ កម្រ​នឹង​បើកចិត្ត​ចំពោះ​បុរស​ថ្មី​ណា​ម្នាក់​ ទោះ​ជា​អ្នក​មេម៉ាយ​សាច់​ក្រអូប​រូប​នេះ​សំបូរ​កន្លង់​ចោមរោម​សុំ​សេ្នហ៍​ជា​ច្រើន​ក្ដី​ ដូច្នេះ​នេះអាចចាត់​ទុក​ជា​លើក​ទីមួយ​ហើយ​ដែល​អ្នក​មេម៉ាយ​កូន​មួយ​រូប​នេះ​ព្រម​បើកបេះដូង​មើល​ចិត្ត​ជាមួយ​អ្នក​កំលោះ​ វង ជីវ័ន្ត​៕

Share.