ភ្នំពេញ៖ រថយន្តKIA morning មួយគ្រឿង សង្ស័យខឹងយុវជន២នាក់ជិះម៉ូតូវ៉ាជែងទៅមុន ស្រាប់តែបើក បរដេញតាមបំបុកពីក្រោយ បណ្តាលឱ្យដួលរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ហើយរថយន្តបង្កបើករត់គេចទៅបាត់។ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវ៤២ កែងផ្លូវជាតិលេខ៣ ចំណុវភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ ពុំ តុលា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងភ្លើងរោងចក្រ ស្នាក់នៅផ្ទះជួល នៅក្នុងភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់ធ្ងរ) ។ ទី២ ឈ្មោះ លឹម តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងភ្លើងរោងចក្រ មានទីលំនៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (រងរបួសស្រាល ) ជាអ្នកបើកម៉ូតូហុងដាឌ្រីម ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះទាំង២នាក់ ជិះម៉ូតូហុងដាឌ្រីមឌុបគ្នាចេញពីធ្វើការរោងចក្រ វិលត្រឡប់ទៅផ្ទះវិញ ដោយធ្វើដំណើរតាមផ្លូវ៤២ ក្នុងទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្ត KIA morning មួយគ្រឿង មិនចាំស្លាកលេខ ទៅមុនផុតឆ្ងាយបន្តិចហើយ ស្រាប់តែរថយន្តបង្កនោះ មិនដឹងថាខឹង ឬ មានចតនាប៉ុងប៉ងយ៉ាងណាទេ ទើបបើករថយន្តប្រដេញតាមបំបុកពីក្រោយ បណ្តាលឱ្យដួលរងរបួសទាំង២នាក់ ហើយរថយន្តបើករត់គេចបាត់ស្រមោល ។

ជនរងគ្រោះទាំង២នាក់ ក្រោយកើតហេតុត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក និងបន្តធ្វើការស្រាវជ្រាវស្វែងរករថយន្តបង្កចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.