យ៉ាងហោចណាស់មានកម្មករ៤១នាក់បន្តជាប់នៅក្រោមដីជាង១សប្តាហ៍មកហើយក្នុងហេតុការណ៍បាក់រលំផ្លូវក្រោមដី នៅក្នុងរដ្ឋឧត្តរខណ្ឌនៃប្រទេសឥណ្ឌក្បែរភ្នំហិម៉ាល័យខណៈដែលក្រុមអ្នកជួយសង្គ្រោះបានបន្តផ្តល់ម្ហូបអាហារដល់ពីគេកាលពីថ្ងៃចន្ទ។
សារព័ត៌មានCNAបានរាយការណ៍ថា ចាប់តាំងពីក្រុមកម្មករទាំងអស់នោះបានជាប់នៅទីនោះកាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅ ពួកគេបានទទួលអុកស៊ីសែន អាហារក្រៀមនិងទឹកតាមរយៈបំពង់តូចដែលអាជ្ញាធរបានចាត់ ចែងបញ្ជូនទៅកាន់ពួកគេ។
ចាប់តាំងពីថ្ងៃកើតហេតុនោះ ក្រុមអ្នកជួយសង្គ្រោះបានប្រើប្រាស់ឧករណ៍សម្រាប់ជីកកកាយដីធ្វើផ្លូវដើម្បីអាចទាញ ក្រុមជនរងគ្រោះចេញមកក្រៅ។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់សហព័ន្ធ លោក Nitin Gadkari បានបញ្ជាក់ថា កិច្ចការជាអាទិភាពរបស់យើង គឺជួយសង្គ្រោះក្រុមកម្មករដែលកំពុងតែស្ថិតនៅក្រោមដីទាំង៤១នាក់នោះ។លោកថា ពេលនេះក្រុមមន្ត្រីកំពុងតែពិភាក្សាអំពីការតភ្ជាប់ខ្សែបណ្តាញអុបទិកតាមទុយោដែលអាចភ្ជាប់កាមេរ៉ាឬខ្សែទូរស័ព្ទក្នុងគោល បំណងឲ្យពួកគេអាចនិយាយទាក់ទងជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ។
ប្រភពីមន្ត្រីពាក់ព័ន្ធបានឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមជនរងគ្រោះបានទទួលគ្រាប់ធញ្ញជាតិ អង្ករសម្រូប សណ្តែកសៀងនិងអាហារក្រៀមមួយចំនួនទៀតតាមបំពង់រួចហើយ។យ៉ាងណាក៏ដោយ ប្រភពពីមន្ត្រីសុខាភិបាលក្នុង តំបន់បានឲ្យដឹងថា យ៉ាងហោចណាស់មានកម្មករ៣នាក់ក្នុងចំណោមពួកគេបានត្អូញត្អែរថា មានជំងឺរាករួស។

យ៉ាងហោចណាស់មានកម្មករណ៍ចន្លោះពី៥០ទៅ៦០នាក់បាននិងកំពុងធ្វើការនៅវេនយប់ខណៈដែលហេតុការណ៍ បាក់រលំផ្លូវនោះបានកើតឡើង។ប៉ុន្តែអ្នកដែលធ្វើការនៅជិតច្រកចេញ បានគេខ្លួនរួចពីហេតុការណ៍នោះ។
រហូតមកដល់ពេលនេះ មន្ត្រីពាក់ព័ន្ធមិនទាន់បានបញ្ជាក់ឲ្យដឹងអំពីមូលហេតុនៃការបាក់ស្រុតផ្លូវក្រោមដីដែលមាន ប្រវែងជាង៤គីឡូម៉ែត្រនោះឡើយ ខណៈដែលអគ្គនាយកក្រុមហ៊ុន SJVNគ្រប់គ្រងដោយរដ្ឋបានអះអាងថា ក្រុមអ្នកជួយសង្គ្រោះកំពុងរង់ចាំម៉ាស៊ីនខួងថ្មដែលត្រូវបញ្ជូនមកដល់នៅថ្ងៃអង្គារនេះដើម្បីខួងចោះពីលើកំពូលភ្នំទៅកាន់ក្រុមជនរងគ្រោះ៕