ភ្នំពេញ ៖ បុរសម្នាក់មិនដឹងថាតូចចិត្តរឿងអ្វី បែជាឡើងទៅសង្ងំចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជាន់ទី១ ចោលប្រពន្ធ កូនប្រុសស្រី៣នាក់ បន្ទាប់ពីស្ត្រីជាប្រពន្ធបាត់យូរពេក មិនឃើញងើបទៅធ្វើការងារ ក៏ឡើងទៅតាមហៅ ស្រាប់តែប្រទះឃើញចងកនៅចម្រឹងបង្អួចស្លាប់បាត់ បង្កការភ្នាក់ផ្អើលឆោឡោ នាំគ្នាស្រាយដាក់ទម្លាក់ចុះ មកដាក់ផ្ទាល់ឥដ្ឋ ទាំងមិនអស់ចិត្ត ហៅក្រុមសង្គ្រោះឱ្យជួយ តែហួសពេលទៅហើយ ពិនិត្យជាក់ស្តែងឃើញថាពិតជាស្លាប់ហើយ។

ហេតុការណ៍ផ្ភ្ញាក់ផ្អើល កើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះមាន ឈ្មោះ ទូច វណ្ណៈ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ ម៉ៅការសំណង់ មានប្រពន្ធឈ្មោះ កែវ វុត្ថា អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ មានកូនចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ រស់នៅផ្ទះកើតហេតុ មានស្រុកកំណើតភូមិក្រឡា ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

តាមក្រុមគ្រួសារបានឱ្យដឹងថា នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្ទះជនរងគ្រោះ
ដាច់ចរន្តភ្លើង ដោយសារអត់បង់លុយ ទើបខាងអគ្គិសនីផ្តាច់ជាបណ្តោះអាសន្ន ហើយជនរងគ្រោះក៏បានឡើងទៅដេកសម្រាកនៅបន្ទប់ជាន់ទី១ តែម្នាក់ឯង ចំណែកប្រពន្ធនិងកូនទាំង៣នាក់នៅដេកខាងក្រោម លុះរហូតដល់វេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ទៅហើយនៅតែមិនឃើញប្តីភ្ញាក់ ងើប ទៅធ្វើការងារទៀត ប្រពន្ធក៏ឡើងទៅតាមហៅដាស់ ស្រាប់តែប្រទះឃើញប្តីចងកនឹងចម្រឹងបង្អួច ស្លាប់បាត់ ប្រញាប់ប្រញាល់នាំគ្នាស្រាយចំណងដាក់ចុះផ្ទាល់ឥដ្ឋការ៉ូ ដោយមិនអស់ចិត្ត ទូរស័ព្ទហៅក្រុមសង្គ្រោះឱ្យជួយ តែអ្វីជាក់ស្តែង ជនរងគ្រោះស្លាប់បាត់ទៅហើយ រាយការណ៍ទៅសមត្ថកិច្ច ពិនិត្យជាក់ស្តែង ។

សពជនរងគ្រោះត្រូវបាន សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញស្នងការក្រុងភ្នំពេញ ទៅធ្វើការពិនិត្យ កោសល្យវិច័យ ឃើញថាស្លាប់ដោយធ្វើអត្តឃាតពិតមែន រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ តាតុងសែនជ័យ
