ភ្នំពេញ ៖ យុវជន២នាក់ ខណៈដែលកំពុងជិះម៉ូតូចេញពីធ្វើការងារវិលត្រឡប់ទៅផ្ទះ ត្រូវបានជនសង្ស័យបើករថយន្ត KIA morning ដេញបំបុកពីក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ កាលពីវេលាម៉ោង៩ និង១៥នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវ៤២ កែងផ្លូវជាតិលេខ៣ ចំណុវភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្អើលកម្លាំងនគរបាលខណ្ឌដង្កោ ក្រោមបញ្ជាពីលោក វរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌ សហការស្រាវជ្រាវតាមចាប់ឃាត់បាន រថយន្តបង្កនិងអ្នកបើកបរបាន មានទាំងគ្រឿងញៀន នៅសង្កាត់គងនយ ខណ្ឌដង្កោ នៅវេលាអធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ជនរងគ្រោះទាំង២នាក់ ៖ ទី១ ឈ្មោះ ពុំ តុលា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងភ្លើងរោងចក្រ ស្នាក់នៅផ្ទះជួល នៅក្នុងភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់ធ្ងរ) ។ ទី២ ឈ្មោះ លឹម តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងភ្លើងរោងចក្រ មានទីលំនៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (រងរបួសស្រាល ) ជាអ្នកបើកម៉ូតូហុងដាឌ្រីម ។

ជនរងគ្រោះទាំង២នាក់ គ្រាដែលជិះម៉ូតូហុងដាឌ្រីមឌុបគ្នាវិលត្រឡប់ទៅផ្ទះ តាមផ្លូវ៤២ ដល់ចំណុចកើតហេតុ ក៏បានវ៉ាជែង រថយន្តបង្ក ទៅមុនហួសបាត់ទៅហើយ ស្រាប់តែជនសង្ស័យបើករថយន្តKIA morning ប្រដេញតាមបំបុកពីក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ជនសង្ស័យបើករថយន្តគេចទៅបាត់។

ជនរងគ្រោះក្រោយកើតហេតុ ត្រូវបានរថយន្តសងកគ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។

ករណីខាងលើ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ សហការតាមបណ្តាប៉ុស្តិ៍រដ្ឋបាល ធ្វើការស្រាវជ្រាវ ទីបំផុត កម្លាំងចាប់ឃាត់បានរថយន្តបង្កនិងអ្នកបើកបរ នៅសង្កាត់គងនយ ខណ្ឌដង្កោ ឃើញមានទាំងគ្រឿងញៀន ។ ជនបើកបររថយន្តបង្ក ជាជនជាតិវៀតណាម ត្រូវបាននាំខ្លួនទៅផ្នែកជំនាញខណ្ឌដង្កោ ដើម្បីសាកសួរ និងអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.