នៅថ្ងៃទី២២ និង២៣ ខាងមុខនេះ លោក ផាត់ តារារដ្ឋ នឹងដឹកនាំសិល្បករខ្មែរជាង ២០ជីវិត ទៅចូលរួមក្នុងកម្មវិធីមហាកឋិនទានសាមគ្គីដែលមានការចូលរួមរហូតដល់៥ប្រទេស មានដូចជា កម្ពុជា ថៃ វៀតណាម ឡាវ និង សិង្ហបុរី។ នេះគឺជាមហាកិត្តិយសដ៏ថ្លៃថ្លាសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីមហាកឋិនសាមគ្គីដ៏ធំ ថែមទាំងបានដើរក្បួនបង្ហាញពីសិល្បៈវប្បធម៌ ក៏ដូចជាឡើងសម្ដែងលើឆាកប្រគំតន្ត្រីដ៏ធំផងដែរ។

យោងតាមការឱ្យដឹងពីស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាអ្នកដឹកនាំសិល្បករ-សិល្បការិនីខ្មែរទៅចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះបានបញ្ជាក់ឱ្យដឹងថា៖ «លោកដឹកនាំបងប្អូនសិល្បករទៅចូលរួមនេះគឺមានគោលដៅផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជារៃអង្គាសបច្ច័យជួយដល់លោកឪហ្លួងសុវណ្ណ ដែលជាអតីតកូនសិស្សសម្ដេចសង្ឃរាជជួន ណាត បានចេញទៅធុតុង្គនៅប្រទេសថៃ ហើយត្រូវបានថៃប្រគល់វត្តមួយឱ្យលោកធ្វើជាចៅអធិការគ្រប់គ្រងនៅទីនោះរហូតមក។ យ៉ាងណាមិញមហាកឋិនទានសាមគ្គីដ៏ធំទាំង ៥ប្រទេសនេះ គឺជាកិច្ចសហការរួមគ្នាដើម្បីស្វែងរកបច្ច័យជួយកសាងវិហារថ្មីក្នុងវត្តភ្នំដីសុវណ្ណារ៉ាម របស់លោកឪហ្លួងសុវណ្ណ ដែលជាព្រះសង្ឃល្បីល្បាញមួយអង្គនៅប្រទេសថៃតែមានឈាមជ័រជាខ្មែរសុទ្ធសាធ។»

បុរសដែលមានឈាមជ័រជាសែររាជវង្សរូបនេះបានឱ្យដឹងថាក្រោយពីចូលរួមក្នុងព្រឹត្តិការណ៍នេះរួច លោករំពឹងថាអ្វីដែលយើងបានត្រលប់មកវិញនោះគឺ៖ «មិត្តបរទេសនឹងកាន់តែ ដឹងពីការរីកចម្រើននៃសិល្បៈខ្មែរ និងស្គាល់ពីសិល្បៈវប្បធម៌ខ្មែរកាន់តែច្បាស់ ជាពិសេសឱ្យគេដឹងថាកម្ពុជាគឺជាម្ចាស់វប្បធម៌ដ៏ផូរផង់ ហើយការចូលរួមបង្ហាញក្នុងក្បួនដង្ហែនោះក៏បញ្ជាក់ឱ្យគេបានឃើញថាកម្ពុជាមិនបានចម្លងសិល្បៈឬវប្បធម៌បរទេសណាឡើយ។ អ្វីដែលជាកិត្តិយសដ៏ធំធេងរបស់ប្រទេសជាតិនោះគឺការបង្ហាញទង់ជាតិកម្ពុជានៅក្នុងព្រឹត្តិការណ៍នោះមិនថានៅក្នុង ការដង្ហែក្បួន នៅលើឆាកប្រគំតន្ត្រី នៅលើប៉ុស្តិ៍ស្ទ័រ ឬផ្ទាំងប៉ាណូផ្សព្វផ្សាយនានានោះឡើយ។»


នៅក្នុងព្រឹត្តិការណ៍បុណ្យសាសនាដ៏ធំនេះ ក៏មានរៀបចំជាកម្មវិធីសិល្បៈកម្សាន្តជាច្រើនបែបដើម្បីបម្រើដល់ចំណីអារម្មណ៍អ្នកចូលរួមផងដែរ ដោយក្នុងនោះមានដូចជាការប្រកួតបាល់ទាត់មិត្តភាពតារាដើម្បីសប្បុរសធម៌ តារាកំប្លែងល្បីៗ ការប្រគំតន្ត្រីបែបស្រុកស្រែរបស់កំពូលតារាចម្រៀង Super Star យិងយុង យ៉តបួង៉ាម ការប្រកួតប្រដាល់អន្តរជាតិ និងការសម្ដែងពិសេសពីតារាសិល្បៈកម្ពុជាផងដែរ។



សូមជំរាបជូនថាលោក ផាត់ តារារដ្ឋ ដឹកនាំអ្នកសិល្បៈទៅប្រទេសថៃលើកនេះក្នុងនាមព្រះរាជវង្សខ្មែរ ព្រោះលោកគឺជាព្រះញាតិវង្សខ្មែរសែរអង្គឌួង ដោយលោកមានព្រះនាមដើមថា អង្គឌួង តារារដ្ឋ។ មែនទែនទៅ លោកគឺជាអ្នកជំនាន់ក្រោយ ឬចៅរបស់ព្រះអង្គម្ចាស់ ស៊ីវុត្ថា ដែលត្រូវជាព្រះបុត្រាពៅរបស់ព្រះបាទអង្គឌួង ប៉ុន្តែដោយសារតែព្រះអង្គមិនបានឡើងគ្រងរាជ្យសម្បត្តិក្នុងប្រវត្តិសាស្ត្រ ដូច្នេះហើយទើបគេតម្រូវឱ្យទាយាទរបស់ទ្រង់ទាំងអស់ត្រូវប្រើនាមត្រកូលអង្គឌួង។ ព្រះបាទអង្គឌួង ជាមហាក្សត្រខ្មែរមួយអង្គគ្រងរាជសម្បត្តិក្នុងប្រទេសរវាងឆ្នាំ ១៨៤៨-១៨៦០៕












