ភ្នំពេញ៖ ពីវេទិកាពិភាក្សាស្តីពី«គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានលើកឡើងថា កម្ពុជាកំពុងសិក្សាពីលទ្ធភាពនៃការផលិតថាមពលអគ្គិសនីលក់ឱ្យប្រទេសសិង្ហបុរីនាពេលអនាគតឆាប់ៗនេះ។ ការអះអាងនេះ កើតឡើងក្នុងវេទិកាជាមួយអ្នកសារព័ត៌មានធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នៅសណ្ឋាគារ សុខាភ្នំពេញ បន្ទាប់ពីកម្ពុជានិងសិង្ហបុរី ធ្លាប់បានពិភាក្សារួមមកហើយពីគម្រោងតភ្ជាប់បណ្តាញអគ្គិសនីក្រោមដីឆ្លងកាត់ប្រទេសឡាវ វៀតណាម និងមាឡេស៊ី ជាដើមនាពេលអនាគត។

វេទិកាពិភាក្សាស្តីពី«គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា»រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា។
សម្រាប់ការអះអាងពីសមត្ថកិច្ចរបស់កម្ពុជាដែលអាចផលិតថាមពលអគ្គិសនីលក់ឱ្យសិង្ហបុរីនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពល លើកជាការពន្យល់ថា បើសិនជាសិង្ហបុរីមានតម្រូវការនោះកម្ពុជានឹងប្រឹងប្រែងដើម្បីផលិត ពិសេសការរកទីផ្សារលក់ចេញដែលសមស្រប។
ការដាក់ចេញនូវមហិច្ឆតានេះ បើតាមរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ព្រោះកម្ពុជាបានផលិតថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ និងបានបន្តចែកចាយអគ្គិសនីជូនដល់ប្រជាពលរដ្ឋតាមទីជនបទបានគ្រប់គ្រាន់ផងដែរ។ ជាងនេះកម្ពុជា បានសិក្សាកសាងផែនការមេរួមមកហើយតាំងពី ឆ្នាំ២០០៧ ពីការធ្វើទំនប់វារីអគ្គិសនីដែលអាចផលិតអគ្គសនីរហូតដល់ទៅ ២ ម៉ឺនមេហ្គាវ៉ាត់។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ។
តែទោះបីជាកម្ពុជាមានមហិច្ឆតាលក់អគ្គិសនីជូនប្រទេសក្នុងតំបន់ក្តី តែរដ្ឋាភិបាលតាមរយៈក្រសួងរ៉ែនិងថាមពល ជាសេនាធិការបានសន្យាថា នឹងមិនអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គនោះឡើយ ព្រោះដើម្បីអភិរក្សធនធានចម្រុះ ពិសេសពូជមច្ឆាជាតិ និងជីវភាពប្រជាជនរស់នៅតាមដងទន្លេ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានចំនួន៧កន្លែង ក្នុងនោះមាន វារីអគ្គិសនីសេសានក្រោម២ មានអានុភាពផលិតថាមពលអគ្គិសនី ៤០០មេហ្កាវ៉ាត់។ វារីអគ្គិសនីស្ទឹងតាតៃ មានអានុភាពផលិតថាមពលអគ្គិសនី ២៤៦មេហ្កាវ៉ាត់។ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមមានអានុភាពផលិតថាមពលអគ្គិសនី ៣៣៨មេហ្កាវ៉ាត់។ វារីអគ្គិសនីស្ទឹងអាតៃ មានអានុភាពផលិតអគ្គិសនី ១២០មេហ្កាវ៉ាត់។ វារីអគ្គិសនីគិរីរម្យ៣ មានអានុភាពផលិតអគ្គិសនី ១៨មេហ្កាវ៉ាត់។ វារីអគ្គិសនីកំចាយ មានអានុភាពផលិតថាមពលអគ្គិសនី ១៩៤.១មេហ្កាវ៉ាត់។ និងវារីអគ្គិសនីគីរីរម្យ១ គឺជាគម្រោង វារីអគ្គិសនីដំបូងគេដែលបានស្តារឡើងវិញនៅឆ្នាំ២០០២ ដោយគម្រោងនេះ មានអានុភាពផលិតអគ្គិសនី ១២ មេហ្កាវ៉ាត់។

វារីអគ្គិសនីសេសានក្រោម២។
ក្រៅពីនេះ កម្ពុជា ក៏មានគម្រោងចំនួន ២បន្ថែមទៀត ក៏កំពុងដំណើរការសាងសង់ គឺ ទី១.គម្រោងវារីអគ្គិសនីស្ទឹង តាតៃលើ អាចនឹងផលិតថាមពលអគ្គិសនី ១៥០មេហ្កាវ៉ាត់។ គម្រោងនេះ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ដែលគ្រោងចំណាយថវិកាប្រមាណ ៣៨៩លានដុល្លារ។ ចំណែក គម្រោងទី២ គឺគម្រោងវារីអគ្គសនីស្ទឹងពោធិ៍ សាត់១ ដែលស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មានសមត្ថភាពផលិតថាមពលអគ្គិសនី ៨០មេហ្គាវ៉ាត់៕