បន្ទាយមានជ័យ៖ បន្ទាប់ពីទទួលព័ត៌មានថា ព្រះធម្មវនវាសី ចន្ទមុនី បាននិមន្តមកសម្តែងព្រះធម្មទេសនាក្នុងកម្មវិធីអង្គកឋិនទានមហាសាមគ្គី នៅវត្តរតនារាមផ្សារកណ្តាល ស្រាប់តែមានប្រជាពលរដ្ឋរាប់ម៉ឺននាក់បានមកទទួលពរជ័យពីព្រះអង្គនាម នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅក្រុងប៉ោយប៉ែត។

ក្នុងចំណោមពុទ្ធិបរិស័ទ ប្រជាពលរដ្ឋដែលនាំគ្នាមកទទួលពរជ័យយ៉ាងច្រើនកុះកររាប់ម៉ឺននាក់ បានលើកឡើងថា ពួកគាត់នាំគ្នាមកនេះដោយសារមានជំនឿថា ព្រះអង្គគ្រូ ចន្ទមុនី ព្រះអង្គបានប្រោះព្រំជួយដោះគ្រោះចង្រៃ លើករាសី ជួយឱ្យជាពីជំងឺឈឺស្កាត់ផ្សេងៗ និងបួងសួងសុំឱ្យមានសេចក្តីសុខចម្រើន ប្រកបការងាររកស៊ីបានរលូនរីកចម្រើនទៅមុខ និងចង់ស្តាប់នូវព្រះធម៌ដែលព្រះអង្គគ្រូ បានសម្តែងអប់រំផ្លូវចិត្ត ធ្វើឱ្យចិត្តជ្រះថ្លាជាដើម។

ក្រោយពេលដែលព្រះអង្ឃ ចន្ទមុនី និមន្តធម្មទេសនារយៈពេលជាងកន្លះម៉ោង ត្រូវបានបញ្ចប់ ព្រះអង្គបាននិមន្តបក់ផ្លិតឱ្យពរជ័យដល់ប្រជាពលរដ្ឋដែលរងចាំព្រះអង្គតាមដងផ្លូវ ដើម្បីទទួលពរជ័យរាប់ម៉ឺននាក់។ ប្រជាពលរដ្ឋបានប្រាប់ថា ប្រជាពលរដ្ឋរាប់ម៉ឺននាក់នោះមិនមែនសុទ្ធតែនៅក្នុងក្រុងប៉ោយប៉ែតទាំងអស់ទេ ពួកគាត់ខ្លះបានពីតាមបណ្តាខេត្តផ្សែងៗផងដែរ ដើម្បីមករងចាំទទួលពរជ័យពីព្រះធម្មវនវាសី ចន្ទមុនី ឱ្យមានសេចក្តីសុខ និងសេចក្តីចំរើន រកស៊ីទទួលទានមានបានគ្រប់ៗគ្នា និងប្រទេសជាតិមានសុខសន្តិភាព និងបួងសួងជូនពរដល់ព្រះធម្មវនវាសី ចន្ទមុនី និមន្តប្រោះព្រំកូនចៅទទួលបានសុវត្ថិភាព សុខភាព និងជោគជ័យគ្រប់ប្រការ៕



អត្ថបទ៖ ប៉ោយប៉ែត
