ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ថ្លែងចំពោះមុខអ្នកសារព័ត៌មានថា នាពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងគ្រោងបិទការនាំចូលនូវគ្រឿងម៉ាស៊ីន និងឧបករណ៍ណាដែលប្រើប្រាស់អគ្គិសនីច្រើនឥតប្រយោជន៍ចូលមកកម្ពុជាទៀតនោះទេ ពោលគឺដើម្បីការសន្សំសំចៃជំរុញការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ។

ការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលនេះ ធ្វើឡើងក្នុងវេទិកាពិភាក្សាស្តីពី«គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា»នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នៅសណ្ឋាគារ សុខាភ្នំពេញ។
ឯកឧត្តម កែវ រតនៈ និយាយថា ចំពោះគ្រឿងអេឡិចត្រនិចមួយចំនួនដែលស៊ីភ្លើងច្រើនដូចជាម៉ាស៊ីត្រជាក់ និងទូទឹកកកម៉ូតចាស់ៗមួយចំនួនដែលត្រូវប្រើអគ្គិសនីច្រើន នោះក្រសួងនឹងបិទមិនឱ្យមានការនាំចូលទៀតនោះទេ។
ការលើកឡើងនូវគំនិតផ្តួចផ្តើមក្នុងការសន្សំសំចៃអគ្គិសនីនេះ ព្រោះកម្ពុជាមានគោលដៅពី ២០២៣ ដល់ឆ្នាំ២០៣០ ដោយកម្ពុជាចង់សន្សំថាមពលអគ្គិសនីក្នុងបរិមាណ ២ ពាន់មេហ្គាវ៉ាត់ ។
រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលពន្យល់ទៀតថា បើសិនកម្ពុជាអាចសន្សំសំចៃថាមពលអគ្គិសនីបានក្នុងបរិមាណ ២ ពាន់មេហ្គាវ៉ាត់ នោះកម្ពុជាមិនចាំបាច់ចំណាយលុយសាងសង់វារីអគ្គិសនី ឬថាមពលរដ្ឋព្រះអាទិត្យអ្វីទៀតនោះទេ។ ជាមួយគ្នានេះការដែលអាចសន្សំសំចៃអគ្គិសនីទុកសម្រាប់ប្រើប្រាស់បែបនេះ មានន័យថា កម្ពុជាមិនបាច់ធ្វើការអភិវឌ្ឍន៍លើការសាងសង់ទំនប់វារីអគ្គិសនីដែលអាចធ្វើឱ្យប៉ះពាល់ធនធានធម្មជាតិបន្តទៀត។

តាមរយៈវេទិកានេះ ឯកឧត្តម កែវ រតនៈ បានអំពាវនាវដល់សាធារណជនគួរប្រើអគ្គិសនីតាមតម្រូវការជាក់ស្តែង ពោលកុំប្រើដោយខ្ជះខ្ជាយ។
បើតាមរដ្ឋមន្រ្តីរ៉ែនិងថាមពល បើសិនកម្ពុជាអាចសន្សំសំចៃថាមពលអគ្គិសនីបាននោះកម្ពុជាមានលទ្ធភាពបង្កើតនូវស្ថានីយ៍ថាមពលអគ្គិសនី ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានច្រើនសម្រួលកែលម្អបរិស្ថានស្អាតនាពេលអនាគត និងការសន្សំថវិកាលើការទិញប្រេងពីបរទេស។
សូមជម្រាបថា រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាឧបត្ថម្ភធនឬប្រាក់បង់ខាតជូនប្រជាពលរដ្ឋរយៈពេល១០ ពីឆ្នាំ២០១២ដល់២០២២ ចំនួន៦២៩លានដុល្លារ។ និងសម្រាប់ឆ្នាំ២០២៣ចំនួន១៣០លានដុល្លារអាមេរិក ដោយការចំណាយបង់ខាតរបស់រដ្ឋាភិបាលនេះគឺដើម្បីអាចឱ្យពលរដ្ឋបានប្រើប្រាស់អគ្គិសនីបានគ្រប់គ្រាន់ ដោយឆ្លើយតាមគោលការណ៍បួនចំណុចស្នូរ ទី១ មានអគ្គិសនីប្រើប្រាស់ ទី២ មានតម្លៃថោកសមរម្យ ទី៣ កាត់បន្ថយការដាច់អគ្គិសនីញឹកញាប់ និងទី៤ ការដាក់ឱ្យប្រើប្រាស់ដោយសមធម៌៕