ខណៈដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនឹងឈានចូលមកដល់នៅពេលឆាប់ៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យនេះ ។
ក្នុងឱកាសអញ្ជើញបន្តចុះជួបកម្មករ និយោជិត នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងឈានចូលមកដល់ រយៈពេល ៥ថ្ងៃទៀត ដោយក្នុងនោះនឹងមានការរៀបចំការប្រគុំតន្រ្ដី ហើយអាចនឹងមានបងប្អូនមកពីបណ្តាខេត្តច្រើន នាំគ្នាឡើងមករាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។

សម្តេចបានថ្លែងកត់សម្គាល់ដែរថា ជាមួយគ្នានេះនឹងការដែលបងប្អូនប្រជាពលដ្ឋ ពីបណ្តាខេត្តឡើងមកលេងនៅរាជធានីភ្នំពេញ ក៏នឹងអាចមានបងប្អូននៅភ្នំពេញ នឹងអញ្ជើញទៅកម្សាន្តតាមបណ្ដាខេត្តផងដែរ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធានាឱ្យបាន នូវសន្តិសុខសណ្តាប់ធ្នាប់ ឱ្យបានល្អជូនពួកគាត់។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមដើរលេងកម្សាន្តសប្បាយទាំងអស់គ្នា ខណៈនៅឆ្នាំនេះ មានទូកងប្រមាណជាង៣០០ទូកបានចូលរួមប្រកួតប្រជែង និងមានប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានា ប្រមាណ៣០ប្រទីប មានវត្តមាននៅក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៧-និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នៅមុខព្រះបរមរាជវាំង។

ព្រះរាជពិធីបុណ្យអុំទូក ជាបុណ្យប្រពៃណីជាតិរបស់ខ្មែរធំមួយដែលប្រជាពលរដ្ឋបានប្រារព្ធឡើងជាច្រើនរយឆ្នាំមកហើយ។ ពិធីនេះមានប្រវត្តិតាំងពីបុរាណកាលមក ហើយបានចែងទុកក្នុងឯកសារជាតិ អន្តរជាតិ ពិសេសបានចារទុកលើសិលាចារឹកក៏ដូចជាជញ្ជាំងប្រាសាទខ្មែរនានាថែមទៀត។ ពិធីបុណ្យប្រពៃណីនេះមានការរីកចម្រើនជាខ្លាំងក្នុងសង្គមខ្មែរនាសម័យអង្គរ ពិសេសក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍ទី១២ និងសម័យលង្វែក ពុទ្ធសករាជ ២០៧១ គ្រិស្ដសករាជ១៥២៨។

ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កម្ពុជាមិនបានប្រារព្ធធ្វើព្រះរាជពិធីបុណ្យអុំទូកទេដោយសារការរាតត្បាតជំងឺកូវីដ-១៩ ហើយនៅឆ្នាំ២០២២ ទោះបីជាស្ថានភាពជំងឺកូវីដហាក់ល្អប្រសើរ ប៉ុន្តែកម្ពុជាមិនបានធ្វើព្រះរាជពិធីបុណ្យអុំទូកទេ ដោយសារជាប់ដៃធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១នៅកម្ពុជា៕

