ភ្នំពេញ៖ តាមប្រសាសន៍របស់លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឱ្យដឹងថា បច្ចុប្បន្នរាជរដ្ឋា ភិបាលតាមរយៈក្រសួងមហាផ្ទៃបាននិងកំពុងពិភាក្សារៀបចំ អនុក្រឹត្យ ស្តីពីការប្រើប្រាស់កងកម្លាំងដើម្បីការពារព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា និងការប្រើប្រាស់ក្បួនយានយន្តហែអម ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស និងសិទ្ធិអាទិភាពក្នុងការធ្វើចរាចរណ៍។ អនុក្រឹត្យនេះរួមមាន ៥ជំពូក និង១៣មាត្រា ដែលអាចដាក់បន្ថែមតាមការចាំបាច់។

 លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃសង្កាត់ធ្ងន់ថា អនុក្រឹត្យនេះនឹងជួយសម្រួលដល់ការចាត់ចែង និងកំណត់កងកម្លាំងបានត្រឹមត្រូវដោយមានប្រសិទ្ធភាព សំដៅការពារក្បួនគណៈប្រតិភូជាតិ និងអន្តរជាតិ កម្មវិធីបុណ្យជាតិ ព្រមទាំងកិច្ចប្រជុំធំៗប្រកបដោយសុវត្ថិភាព និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។ អ្វីជាពិសេសនោះ អនុក្រឹត្យនេះនឹងជួយចង្អុលបង្ហាញពីសិទ្ធិនិងតួនាទីរបស់កងកម្លាំងក្នុងការប្រតិបត្តិការការងាររក្សាសន្តិសុខស្របតាមច្បាប់ទម្លាប់កាន់តែច្បាស់លាស់។

អ្វីសំខាន់ជាងនេះ អនុក្រឹត្យនេះ នឹងអាចបញ្ចៀសបានការប្រើកម្លាំងនិងមធ្យោបាយពីសំណាក់ជនឬក្រុមទាំងឡាយដែលគ្មានសិទ្ធិនិងកាតព្វកិច្ច ដែលកន្លងមកតែងបង្កភាពអនាធិបតេយ្យ ឆ្លៀតឱកាសគេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួនដែលនាំឱ្យមជ្ឈដ្ឋានទូទៅវាយតម្លៃមិនល្អមកលើកងកម្លាំងប្រដាប់អាវុធ។

ក្បួនដង្ហែររបស់ព្រះមហាក្សត្រ។

សម្រាប់វិសាលភាពនៃអនុក្រឹត្យនេះវិញ គឺគ្របដណ្តប់លើកងកម្លាំងនរគបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងអង្គរក្ស នាយកដ្ឋានពិសេសប្រឆាំងភេវរកម្ម អាជ្ញាធរជាតិប្រឆាំងគីមីសាស្រ្ត ជាតិផ្ទុះ និងវិទ្យុសកម្ម មជ្ឈមណ្ឌលសកម្មភាពកម្ចត់មីន និងបូករួមទាំងកម្លាំងបញ្ជាការពារ ព្រមទាំងកម្លាំងសន្តិសុខឯកជនផងដែរ។

សូមបញ្ជាក់ថា នៅពេលក្រសួងមហាផ្ទៃបញ្ចប់និតីវិធីក្នុងការធ្វើអនុក្រឹត្យនេះ ក្រសួងមហាផ្ទៃនឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីដើម្បីចាត់ចែងតាមដំណាក់កាលបន្តទៀត៕

Share.