យ៉ាងហោចណាស់​មាន​កីឡាករ​៣នាក់​បាន​រង​របួស​អំឡុង​ពេល​​ប្រកួត​ សប្ដាហ៍​ទី១១ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 ដែល​បាន​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ។ កីឡាករ​ទាំង​៣​រូប​នោះ​មាន​​អ្នកចាំទី ស៊ូ យ៉ាទី និង ខ្សែ​ការពារ នេន សុធារ័ត្ន របស់​ណាហ្គាវើល និង​កីឡាករ​ប្រេស៊ីល Romário របស់​​មជ្ឈមណ្ឌល​កងយោធពលខេមរភូមិន្ទ។

ក្នុង​ប្រកួត​រវាង​ភ្នំពេញក្រោន ជាមួយ​ណាហ្គាវើល មាន​កីឡាករ​២រូប​រងរបួស ដោយ​ក្នុង​នោះ​អ្នកចាំទី ស៊ូ យ៉ាទី បាន​រងរបួស​​ជង្គង់​ស្ដាំ បន្ទាប់​ពី​ព្យាយាម​ទាត់​បាល់​ចេញ​ពី​មុខ​ទី​របស់​ខ្លួន​ហើយ​ក្រឡាច់​តែ​ម្តង នៅ​ក្នុង​នាទី​ទី​៧ ដើម​តង់​ទី១។ អ្នកចាំទី សំរឹទ្ធ សីហា ត្រូវ​បាន​លោក​គ្រូ​បង្វឹក មាស ចាន់ណា ឱ្យ​ចូល​ចាប់​ជំនួស​ក្រោយ ស៊ូ យ៉ាទី មិន​អាច​បន្ត​ការ​ប្រកួត​បាន។

ដោយ​ឡែក​ក្នុង​ប្រកួត​នោះ​ដែរ​​កីឡាករ នេន សុធារ័ត្ន របស់​ណាហ្គាវើល ក៏​រង​របួស​​ជង្គង់​ស្ដាំ​ដែរ​នៅ​នាទី​​២៧ ក្រោយ​​ព្យាយាម​ឆក់​បាល់​ពី​កីឡាករ ប្រាក់ ធីវ៉ា របស់​ភ្នំពេញក្រោន។ កីឡាករ​អេស្ប៉ាញ Súper បាន​ប្តូរ​ចូល​ជំនួស​ ក្រោយ​ សុធារ័ត្ន ប្តូរ​ចេញ។

កីឡាករ Romário បាន​រង​របួស​នៅ​​នាទី​៥៥ ក្នុង​ប្រកួត​មជ្ឈមណ្ឌល​កងយោធពល​ខេមរភូមិន្ទ ជាមួយ​ម្ចាស់​ផ្ទះ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​ទីលាន​ 7NG ក្រោយ​ព្យាយាម​លោត​តែត​បាល់​ជាមួយ​​កីឡាករ សេង កុសែន។ លោក​គ្រូ​បង្វឹក Lee Tae Hoon បាន​ប្តូរ​កីឡាករ រឿម ចាន់រឿន ចូល​ជំនួស Romário ដែល​ចាក​ចេញ៕

រូបថត៖CNCC

Telegram-Troryorng
Share.