​សិល្បៈជាតិ៖ នា​ព្រឹក​ ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​ នេះ​ ក្រុមហ៊ុន​ AKASA MEDIA SOLUTIONS បាន​រៀបចំ​ក្រុង​ពាលី បួងសួង​សុំ​សេចក្ដី​សុខ​សេចក្ដីចំរើន​ មុន​បើក​កាមេរ៉ា​ផលិត​​ ឱ្យ​ដំណើរ​ការការងារថត​ដោយ​រលូន​ និង​ប្រកបដោ​យ​ជោគជ័យ​។

ភាពយន្ត​ភាគ​ខ្មែរ​បុរាណដ៏​ថ្មី​សន្លាង​ត្រៀម​ផលិត​នេះ ​ផ្ទៃរឿង​ទាំង​មូល​នឹង​ឆ្លុះ​បញ្ចាំង​ពី​មុខម្ហូប​ខ្មែរ​​ជា​ច្រើន​មុខ​ ដោយ​ក្នុង​នោះ​ដូច​ជា​ប្រវត្តិ​សម្លកកូរ ដែល​ពី​សម័យ​មុន​គេ​ហៅ​ឈ្មោះ​ថា​ សម្លរ​១០០​មុខ និង​ម្ហូប​ផ្សេងៗ​ជាច្រើនទៀត ដោយ​ដកស្រង់​ចេញ​ពី​ឯកសារ និង​តម្រា​សំខាន់​ៗ​ នៃ​​ប្រវត្តិ​មុខម្ហូប​ខ្មែរ​ ​ដែល​ដូន​តាខ្មែរ​នាសម័យ​បុរាណ​យក​មក​ប្រើប្រាស់​ដើម្បី​បង្កើន​ឱ្យ​រសជាតិ​អាហារ​មាន​ក្លិន​ក្រអូប​និង​ឈ្ងុយ​ឆ្ងាញ់។

ក្រៅ​ពី​ផ្តោត​ជា​ពិសេស​លើ​ការ​ផ្សព្វផ្សាយ​ពី​មុខម្ហូប​ខ្មែរ​ហើយ​នោះ​សាច់​រឿង​ ក្រយាស្នេហ៍ ក៏មាន​បង្កប់​នូវរឿង​រ៉ាវ​​ក្នុង​សង្គម​គ្រួសារ​ប្រទាក់ក្រឡាក់ចាក់ស្រេះ​ រហូត​អ្នក​ទស្សនា​មិន​អាច​ទស្សន៍ទាយ​ដឹង​ថា​សាច់​រឿង​នឹង​ដំណើរ​ទៅ​ជា​បែបណា​ ហើយ​តួអង្គ​នៃ​សាច់​រឿង​ៗ​នឹង​ជួប​ឧបសគ្គ​អ្វីខ្លះ​ ទម្រាំ​ពុះ​ពារជម្នះ​រហូត​ទទួល​បាន​ជោគជ័យ​។ ក្រយាស្នេហ៍​ ប្រមូល​ផ្ដុំ​ទៅ​ដោយតារា​ប្រុស​ស្រី​ថ្មី​ចាស់​ ពោរពេញ​ដោយ​បទ​ពិសោធន៍​ និង​ថ្វី​ដៃ​សម្ដែង​ជាច្រើន​ឆ្នាំ​ ក្នុង​នោះ​តួអង្គ​សំខាន់ ​៤​រូប​ មាន​ ហៃ​ ប៉ោហុង ថុន​មរកត ហន គឹមធាន និង​សេង ឡៃអ៊ី ដែល​នឹង​នាំ​អារម្មណ៍​អ្នក​ទស្សនា​វិល​ត្រលប់​ទៅ​កាន់ទិដ្ឋភាព​នៃ​សង្គម​ខ្មែរ​នាសម័យ​កាល​មួយ​ដ៏​រុងរឿង​។

អ្នក​ដឹកនាំឆ្នើម​និង​មាន​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ខ្មែរ​តាម​រយៈ​វិស័យ​ភាពយន្ត​រូប​នេះ បាន​ប្រាប់​មក​កាន់​សារព័ត៌មាន​ ​ថា​៖ «ការ​ដែល​លោក​ផលិត​ភាពយន្តភាគ​បុរាណ​​នេះ​ឡើង​ព្រោះ​តែ​ ដំបូង​ឡើយ​លោក​បាន​អាន​ព័ត៌មាន​​ដោយ​ចៃដន្យ​ដែល​និយាយ​ពី​មុខ​ម្ហូប​ខ្មែរ​មាន​ឈ្មោះ​ថា​ តម្រាភោនាហារ ជា​ស្នាដៃ​និពន្ធ​ដោយ​សម្ដេច​រស្មី​សោភ័ណ ក៏​ដូច​ជា​សៀវភៅសោយ របស់ Chef Nak សៀវភៅអាហារ​បោះពុម្ព​ផ្សាយ​ដោយ​ក្រសួង​ការពារជាតិ​ និង​សៀវភៅ​ម្ហូប​ខ្មែរ​ដែល Chef សុភ័ក្តិ បាន​ជូន​ជា​កាដូ​ដល់​លោក​ និង​ការ​ស្រាវជ្រាវ​អាហារ​ផ្សេងៗ​តាម​បណ្ដាញ​អ៊ិនធឺណិត​ ធ្វើ​ឱ្យ​លោក​កើត​មាន​ចិត្ត​ថា​លោក​អាច​គួរ​តែ​ប្រើ​​ឱកាស​ដែល​លោក​មាន​ក្នុង​ការ​ធ្វើ​ Drama ឱ្យ​​ស្ថានីយ​ទូរទស្សន៍ រំលេច​មុខ​ម្ហូប​រួម​ផ្សំ​នឹង​​ស្នេហា ​ព្រម​ទាំង​បញ្ហា​​ផ្សេងៗ​ទៀត​ ​វា​អាច​ជួយ​ឱ្យ​ទស្សនា​បាន​នូវ​ចំណី​អារម្មណ៍​នៃ​ការ​ទស្សនា​សាច់​រឿង​ផង និង​មាន​ឱកាស​បាន​ស្គាល់​និង​ស្វែង​យល់​ពី​មុខ​ម្ហូប​ខ្មែរ​យើង​ផង​។»

ឆ្លើយ​តប​នឹង​សំនួរ​ដែល​អ្នក​សារព័ត៌មាន​យើង​បាន​សួរ​ទៅ​លោក​ថា​ បច្ចុប្បន្ន​នេះ​ប្រទេស​ជិត​ខាង​ដែល​​​តែង​តែ​បញ្ហា​ជាមួយ​នឹង​កម្ពុជា​ពាក់ព័ន្ធ​សិល្បៈ​ វប្បធម៌​ក៏​បាន​ផលិត​សាច់​រឿង​បុរាណ​ដែល​មាន​រំលេច​អាហារ​ចូល​ក្នុង​នោះ​ដូច​គ្នា​​ តើ​លោក​មាន​បាន​គិត​គូរ​ចំពោះ​ការ​ប្រៀបធៀប​ស្នាដៃ​ គុណភាព​ ខ្លឹមសារ​ តួ​អង្គ​ ការ​តុបតែង ឆាក និង​ Props ដែរទេ?

លោក​ ខាំ ភូរិ បាន​ឆ្លើយ​តប​ដោយ​ឥត​លាក់លៀម​ថា​៖ «លោក​ជឿថា​គេច​មិន​រួច​នោះ​ទេ ព្រោះ​តាំង​ពី​ដើម​មក​កម្ពុជា​យើង​ខ្វះខាត​ក្នុង​ការ​ផ្សព្វផ្សាយ ហើយ​លោក​ក៏​មិន​អាច​បដិសេធ​ដែរថា​គុណភាព​ផលិត​របស់​គេ​ល្អខ្លាំង​ គេ​មាន​​ឯកសារ​ច្រើន​ ងាយស្រួល​ស្រាវជ្រាវ និង​បាន​បង្ហាញ​មុន​កម្ពុជា​យើង​ ចំណែក​លទ្ធភាព​ផលិត​របស់​គេ​ក៏​ច្រើន​ជាង​យើង​ដែរ។ ដូច្នេះ​តិច​ឬ​ច្រើន​ យើង​នឹង​ទទួល​បាន​ឥទ្ធិពល​គេ​ខ្លះ​ក្នុង​ការ​ធ្វើការងារ​នេះ​ ព្រោះ​យើង​ដើរ​យឺត​ជាង​គេ​ យើង​មិន​បដិសេធ​ទេ ប៉ុន្តែ​សម្រាប់​លោក​ លោក​នឹង​ព្យាយាម​ឱ្យ​អស់​ពី​លទ្ធ​ភាព​ ប្រឹងប្រែង​បង្ហាញ​ឱ្យ​គេ​ឃើញ​ថា​របស់​នេះ​ខ្មែរ​ក៏​មាន​ វា​គឺជា​របស់​ខ្មែរ​ លោក​នឹង​ព្យាយាម​បង្ហាញ​ទោះ​ជា​មាន​មតិ​រិះគន់​ក្ដី​ លោក​នឹ​ង​ព្យាយាម​ពន្យល់​ម្ដង​បន្តិច​ៗ​។ ប្រទេស​៣​ (ខ្មែរ​ ថៃ​ ឡាវ) ដែល​ជាប់​របងគ្នា​ គោរពព្រះពុទ្ធសាសនា​ដូច​គ្នា​ ការ​ឆ្លង​គ្នា​​ទៅវិញ​ទៅ​មក​គឺ​មិន​អាច​គេច​រួច​នោះ​ទេ​ ការ​ស្លៀក​ស្បៃ​ក៏​ដូច​គ្នា​ដែរ​ គេ​ចូលចិត្ត​ស្លៀកស្បែ​នេះ ខ្មែរ​ក៏​បន្ត​ស្លៀក​ គឺ​វា​មាន​ការ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​ ប៉ុន្តែ​ក្បួន​ខ្នាត​ស្លៀក​ ក្បួន​ខ្នាត​ប្រើប្រាស់​ពណ៌ និង​ក្បួន​ខ្នាត​ផ្សេៗ​ទៀត​ដែល​យើង​អាច​មើល​ទៅដឹង​ថា​មាន​ការ​បែងចែក​គ្នាដាច់​ ឧទាហរណ៍​ដូច​ថៃ​និង​ភូមា ដែល​យើង​មើល​ទៅ​ដឹង​ថា​ខុស​គ្នា​ដាច់​ សូម្បី​តែ​ខ្មែរ​និង​ថៃ​ ក៏​ដាច់​គ្នា​ដែរ។ ដូច្នេះ​សម្រាប់​លោក​ លោក​នឹង​មិន​គិត​ទៅ​លើ​មតិ​រិះគន់​នោះទេ​ តែ​លោក​គិត​ត្រឹម​​ថា​អ្វី​ដែល​យើង​អាច​បង្ហាញ​បាន​ យើង​ត្រូវ​តែ​បង្ហាញ​ ហើយ​អ្វី​ដែល​ជារបស់​ខ្មែរ​យើង​ យើង​ត្រូវ​តែ​បង្ហាញ​ ព្រោះ​គ្រប់​យ៉ាង​ដែល​លោក​ផលិត​ឡើង​មក​ គឺ​លោក​មាន​​ឯកសារ មាន​ក្បួន​ខ្នាត​ ច្បាស់លាស់ ព្រម​ទាំង​មាន​ការ​សាកសួរ​ពី​លោក​គ្រូ​អ្នក​គ្រូ អ្នក​ជំនាញពី​ក្រសួង​វប្បធម៌​ និងវិចិត្រ​សិល្បៈ​ ដើម្បី​ធ្វើ​យ៉ាង​ណា ធានា​​ឱ្យ​ស្នាដៃ​មួយ​នេះ​មាន​ភាព​ត្រឹម​ត្រូវ​ច្បាស់​លាស់​​តាម​ក្បួន​ខ្នាត​ខ្មែរ​បុរាណ​៕»

Share.