ភ្នំពេញ៖ ក្រុមហ៊ុននិងធនាគារល្បីឈ្មោះចំនួន៣ ក្នុងនោះមានក្រុមហ៊ុននៃរថយន្តម៉ាក Ford ក្រុមហ៊ុនប្រេងឥន្ធនៈ Total និងធនគារឯកទេស KB Daehan បានអះអាងប្រហាក់ប្រហែលគ្នាថា ក្រុមហ៊ុននឹងនៅតែបន្តកម្មវិធី និងបេសកកម្មផ្នែកមនុស្សធម៌ និងធ្វើយុទ្ធនាការនានា ដើម្បីចូលរួមចំណែកជួយកាត់បន្ថយអត្រានៃការស្លាប់បាត់បង់ជីវិតបណ្តាលពីគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ។

សន្និសទីកាសែតពីដំណើរកម្សាន្តអតិថជនឆ្ពោះទៅកាន់ខៅយ៉ៃប្រទេសថៃរៀបចំនៅFord Showroom។រូបភាព គំនិត។

ការអះអាងបែបនេះធ្វើឡើងនៅក្នុងកម្មវិធីដំណើរកម្សាន្តអតិថជនឆ្ពោះទៅកាន់ខៅយ៉ៃប្រទេសថៃ នៅទីតាំងបង្ហាញរថយន្តFord (Ford Showroom) ផ្លូវជាតិលេខ ៦ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២៣។

អតិថជនរថយន្តហ្វូតចូលរួមសន្និសទីកាសែតពីដំណើរកម្សាន្តអតិថជនឆ្ពោះទៅកាន់ខៅយ៉ៃប្រទេសថៃរៀបចំនៅFord Showroom។រូបភាព គំនិត។

លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia ថ្លែងថា កន្លងមកក្រុមហ៊ុនបានសហការជាមួយក្រសួងសាធារណការធ្វើយុទ្ធនាការចែកមួកសុវត្ថិភាពជូនពលរដ្ឋ និងកម្មវិធីបង្រៀនអ្នកបើករថយន្តនិងម្ចាស់រថយន្តខ្ទង់រយនាក់ក្នុងខេត្តកំពង់ឆ្នាំពីរបៀបបើកបររថយន្តជៀសផុតពីគ្រោះថ្នាក់ និងយល់ដឹងពីច្បាប់ចរាចរណ៍ពិសេសស្គាល់ពីស្ថានភាពផ្លូវនានាជៀសផុតពីបញ្ហាលើដងផ្លូវ។ សម្រាប់ក្រុមហ៊ុននៃរថយន្តម៉ាក Ford អ្វីដែលជាស្នូរនៃការចូលរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍បានយ៉ាងល្អប្រសើរនោះ គឺក្រុមហ៊ុនបានបើករោងចក្រតម្លើងរថយន្តម៉ាក Ford នៅកម្ពុជាដែលមានតម្លៃសមរម្យលក់ជូនអតិថជនបានប្រើប្រាស់។ លោក សេង វឹង សង្កាត់ធ្ងន់ថា ការប្រើប្រាស់រថយន្តជជុះឬរថយន្តមួយទឹកពីបរទេសអាចប្រឈមបញ្ហាគ្រោះថ្នាក់ពេលបើកបរ ខណៈគ្រឿងម៉ាស៊ីននិងប្រព័ន្ធរថយន្តលែងមានភាពធន់ធ្វើឱ្យអ្នកបើកបរពុំអាចគ្រប់គ្រងការបញ្ជាការបើកបរបានល្អដូចរថយន្តថ្មី។

លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia។រូបភាព គំនិត។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនប្រេងឥន្ធនៈ Total​ ក៏បានចូលរួមយុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះរយៈ ៧ ឆ្នាំមកហើយ ដោយបានចែកមួកសុវត្ថិភាពបានជាង​ ៣ ពាន់មួកជូនអ្នកធ្វើដំណើរតាមដងផ្លូវ។ នេះជាការគូសបញ្ជាក់របស់លោកស្រី Dinah Kumar នាយកគ្រប់គ្រង និងជាប្រធានប្រចាំប្រទេស នៃក្រុមហ៊ុន Total Energies Marketing ដែលបានចូលរួមក្នុងកម្មវិធី។លោកស្រីបន្តថា ក្រុមហ៊ុន Total បានបង្កើតកម្មវិធីថ្មីមួយទៀត ដោយចុះបង្រៀនសិស្សានុសិស្សពេញវ័យចំនួន២៥០០នាក់តាមសាលាមួយចំនួនពីរបៀបបើកបរគោរពតាមច្បាប់ចរាចរណ៍ផងដែរ។

លោកស្រី Dinah Kumar នាយកគ្រប់គ្រង និងជាប្រធានប្រចាំប្រទេស នៃក្រុមហ៊ុន Total Energies Marketing។រូបភាពគំនិត។

ដោយឡែកលោកស្រី Shin Solji នាយកគ្រប់គ្រងផ្នែកទីផ្សារនៃធនាគារឯកទេស KB Daehan ឱ្យដឹងថា ខាងធនាគារធ្លាប់បានផ្តល់ជាកញ្ចក់មូលកោងសម្រាប់ដាក់តាមផ្លូវបត់កោងខ្លាំង ដើម្បីបញ្ចៀសបានគ្រោះថ្នាក់ត្រង់ចំណុចផ្លូបបត់នានា។ហើយសកម្មភាពបំពាក់កញ្ចក់មូលកោងនេះខាងធនាគារនឹងនៅតែបន្តនៅឆ្នាំក្រោយ។

លោកស្រី Shin Solji នាយកគ្រប់គ្រងផ្នែកទីផ្សារនៃធនាគារឯកទេស KB Daehan។រូបភាពគំនិត។

របាយការណ៍របស់ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូនត្រឹមរយៈពេល៨ ខែក្នុងឆ្នាំ២០២៣ បានឱ្យដឹងថា យ៉ាង ហោចណាស់​មនុស្សជាង ​១​ ពាន់​នាក់បាន​ស្លាប់ និង​ជាង ២ ៧០០​ នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ស្រាល ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍។ ចំនួននេះមានអត្រា​នេះ​ថយចុះ ​៩% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២​។ ​ក្នុងចំណោម​អ្នករងគ្រោះ​ទាំងនោះ ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ​ដែល​មិនបាន​ពាក់មួក​សុវត្ថិភាព​៕

Share.