ភ្នំពេញ៖ យ៉ាងហោចណាស់ខ្ញីហាន់ស្រាប់ដែលត្រាំក្នុងទឹកដាក់សារធាតុគីមីហាមឃាត់ Sodium Hydro sulfite ចំនួន២៥គីឡូក្រាមនិងសម្ភារៈមួយចំនួនទៀត ត្រូវបានសមត្ថកិច្ចដកហូតនៅថ្ងៃទី០៦ ខែធ្នូ នេះពីទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន ១ទីតាំង ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រតិបត្តិការចុះពិនិត្យគុណភាព សុវត្ថិភាពទំនិញ ពិសេសម្ហូបអាហារ នៅទីតាំងខាងលើ ក៏ប្រទះឃើញ ដុំខ្ញីមិនទាន់ហាន់២០៩ថង់ស្មើ២១៤០គីឡូក្រាម។ សារធាតុគីមីគ្មានស្លាកសញ្ញាជាសាច់ជូរ ១៧បាវ ស្មើរ១៧០ គីឡូ ក្រាម។ មាស៊ីនហាន់ខ្ញី២គ្រឿង ទំងន់ស្មើនឹង១០០គីឡូក្រាម។ ម៉ាស៊ីនលាងខ្ញី១គ្រឿង ទំងន់ ៥០០គីឡូក្រាម និងសារធាតុគីមីម្យ៉ាងមានឈ្មោះ Sodium Hydrosulfite ដែលជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ ចំនួន១.៥គីឡូក្រាម។

មន្រ្តីជំនាញផ្នែកប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបញ្ជាក់ថា ការទទួលទានផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស។ សម្រាប់អ្នក Allergic ធ្ងន់ធ្ងរជាមួយសារធាតុខាង លើនេះ ឬអ្នកមានជំងឺហឺត អាចបណ្តាលឱ្យពិបាកដកដង្ហើម និងអាចបាត់បង់ជីវិតបាន។​

សូមរំលឹកថា កាលពីពេលថ្មីៗនេះសមត្ថកិច្ចក៏ចុះពិនិត្យឃើញខ្ញីហាន់ស្រាប់ដែលត្រាំក្នុងទឹកដាក់សារធាតុគីមីហាមឃាត់រាប់រយគីឡូក្រាមផងដែរ នៅទីតាំងបោះដុំបន្លែក្នុងរាជធានីភ្នំពេញ ដូចជា ផ្សារដើមគរ និងផ្សារនាគមាសជាដើម៕

អត្ថបទ៖ចតុមុខ

Share.