សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់ សេពគ្រឿងញៀន និងព្រួតគ្នាបង្កហិង្សា ធ្វើឲ្យជនរងគ្រោះរបួសធ្ងន់ធ្ងរ បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តនៅថ្ងៃទី05 ខែសីហា ឆ្នាំ2021។

ជនសង្ស័យទាំង04នាក់  1.ឈ្មោះ វុត តុលា (ហៅអាតុ) ភេទប្រុស អាយុ16ឆ្នាំ 2,ឈ្មោះ វិន តុងហួរ ភេទប្រុស អាយុ17ឆ្នាំ 3.ឈ្មោះ ឡឹម សុធារ៉ា ភេទប្រុស អាយុ17ឆ្នាំ 4.ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ15ឆ្នាំ។ជនសង្ស័យទាំង04នាក់ រស់នៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបាន ឱ្យដឹងថា យោងតាមម្តាយជនរងគ្រោះដែលបានដាក់ពាក្យបណ្តឹងបានរៀបរាប់ថា កូនរបស់គាត់(ជនរងគ្រោះ)ឈ្មោះ ចិន តើ បានសុំទៅលេងផ្ទះមិត្តភ័ក្តិ បន្ទាប់មកនៅថ្ងៃទី01 ខែសីហា ឆ្នាំ2021ស្រាប់តែទទួលដំណឹងពីមិត្តភ័ក្តិរបស់កូនថា កូនគាត់ត្រូវគេដេញកាប់ រងរបួសដៃខាងស្តាំ ដឹកទៅកាន់មន្ទីរពេទ្យមិត្តភាព-ជប៉ុន ស្រុកមង្គលបូរីដើម្បីព្យាបាល។

ក្រោយពីទៅមើលកូននៅមន្ទីរពេទ្យរួចហើយ ម្តាយរបស់ជនរងគ្រោះបានមកដាក់ ពាក្យ បណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសេរីសោភ័ណ។

លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបន្តទៀតថា ក្រោយទទួល បានពាក្យបណ្ដឹងភា្លម លោកបានដឹកនាំកម្លាំងរបស់លោកចុះធ្វើការស្រាវជ្រាវ រហូតឈាន ដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន04នាក់ នៅ ថ្ងៃទី03 ខែសីហា ឆ្នាំ2021 នៅ ចំណុច បន្ទប់ជួល ស្ថិតក្នុងភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានដកហូតកាំបិតប៉័ងតោចំនួន02ដើម និងឧបករណ៍សម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ អំពី រឿងហេតុដែលកើតឡើង ព្រមទាំងធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀន ឃើញថា វិជ្ជមានទាំងអស់។

ពេលសួរនាំ ជនសង្ស័យឆ្លើយសារភាពថា ពួកខ្លួនទាំង04នាក់ ពិតជាបានប្រើ ហិង្សាទៅ លើជនរងគ្រោះឈ្មោះ ចិន តើ បណ្ដាលឱ្យរងរបួសដោយរយះដៃខាងស្ដាំពិតប្រាកដមែន ហើយពួកគេក៏បានប្រើប្រាស់គ្រឿងញៀនជារៀងរាល់ថ្ងៃផងដែរ។

ក្រោយការចាប់ខ្លួននោះ ជនសង្ស័យ និងវត្ថុតាងត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមច្បាប់៕

អត្ថបទ៖ប៉ោយប៉ែត

Share.