កណ្តាល៖ ក្រោយចំណាយពេលជិត៣ខែសមត្ថកិច្ចខេត្តកណ្តាលបានឈានទៅដល់ការឃាត់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធដែលបាញ់កំាភ្លើងប្លន់ម៉ូតូជនរងគ្រោះ។ ហេតុការណ៍ប្លន់ម៉ូតូនេះកើតឡើងតាំងពីថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០២:០០នាទីរំលងអធ្រាត្រ ត្រង់ចំណុច ផ្លូវបេតុង ស្ថិតនៅភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះបង្ហាញទីតាំងកើតឡើងដែលត្រូវចោរប្លន់ម៉ូតូ។

ក្រោយកើតឡើងសមត្ថកិច្ចបានបន្តស្រាវជ្រាវរហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ទើបឈានដល់ការឃាត់ខ្លួនបានក្រុមចោរប្លន់ប្រដាប់អាវុធបាន៤នាក់ និង៤នាក់ទៀតរត់គេចខ្លួន។

ក្នុងហេតុការណ៍នេះជនរងគ្រោះមានចំនួន ០២នាក់ទី១.ឈ្មោះ ងួន ម៉េងហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅសព្វថ្ងៃភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល រងរបួស រលាត់ក្បាលជង្គង់ទាំងសង្ខាង ។

និងទី២.ឈ្មោះ សោម ភារះ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត មានទីលំនៅសព្វថ្ងៃភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

បើតាមចម្លើយរបស់ជនរងគ្រោះ ក្រុមចោរប្លន់ប្រដាប់អាវុធបានធ្វើការបាញ់ប្រហារដើម្បីបាញ់សម្លាប់យកម៉ូតូតែបាញ់មិនត្រូវ។ តែយ៉ាងណា ខណៈជនរងគ្រោះជិះគេចពីការបាញ់ប្រហារក៏ត្រូវដួលរបួសរាងកាយនិងរត់គេចខ្លួនដើម្បីសុវត្ថិភាព ហើយក្រុមចោរក៏យកម៉ូតូជនរងគ្រោះទៅបាត់។

បន្ទាប់ពីបានទទួលពាក្យបណ្ដឹង កម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងជំនាញស្រុក និងកម្លាំងជំនាញការិយាល័យខេត្ត ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់ថ្ងៃទី០៨  ខែធ្នូ ឆ្នាំ២០២៣ ក៏បានឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ខាងលើ រួមទាំងវត្ថុតាងយកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៤នាក់ បានឆ្លើយសារភាពថា៖ ខ្លួនទាំង០៤នាក់ និងបក្ខពួកបានចូលរួមធ្វើសកម្មភាពដេញបាញ់ជនរងគ្រោះយកម៉ូតូពិតប្រាកដមែន៕

អត្ថបទ៖កណ្តាល

Share.