ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា នាយការិយាល័យផ្សព្វផ្សាយអប់រំ និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់សារព័ត៌មានត្រយងនៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ករណីមន្រ្តីនគរ បាលចរាចរណ៍ចំនួន០៣នាក់ ហៅឃាត់រថយន្ត០១គ្រឿង ហើយមានរឿងប្រកែកពាក្យសម្តីគ្នា បច្ចុប្បន្នប៉ូលិសចរាចរណ៍ទាំងបីនាក់កំពុងកោះហៅធ្វើការសាកសួររងចាំការពិនិត្យ និងសុំគោលការណ៍សម្រេចពីឯកឧត្តមស្នងការ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា នាយការិយាល័យផ្សព្វផ្សាយអប់រំ និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ការឈានដល់ការហកោះហៅប៉ូលិសចរាចរណ៍ទាំងបីនាក់មកសួរនាំដូច្នេះ បន្ទាប់ពីអ្នកលេងបណ្តាញសង្គមបានចែករំលែកតៗគ្នាករណីប៉ូលិសចរាចរណ៍និងម្ចាស់រថយន្តឈ្លោះប្រកែកពាក្យសម្តីគ្នា បង្កឱ្យមានការភ្ញាក់ផ្អើលលើបណ្តាញសង្គម។

ទំព័រហ្វេសប៊ុកមានគណនី Muyreal បង្ហោះក្នុងសម្តីដើមថា៖«មន្ត្រីនគរបាលចរាចរណ៍ ស្តុបក្ដាន់២ ប្រើពាក្យសម្តីគ្មានសុជីវធម៌ ឬ អសុរោះ(ហែងនិយាយច្រើនម៉េ យកប័ណ្ណបើកបរចេញមក) នៅម៉ោង១២និង៤៥នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោយឃាត់រថយន្តឆ្លងជិតផុតស្តុប ពេលរថយន្តសង្គ្រោះមកដល់ភ្លាមៗ។

រូបភាពកាំមេរ៉ាលើទំព័រហ្វេសប៊ុកស្នងការរាជធានីភ្នំពេញ។

អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញបញ្ជាក់ថា ករណីរកឃើញថាមន្រ្តីនគរបាលចរាចរណ៍ចំនួន ០៣ នាក់បានប្រព្រឹត្តិកំហុសមែននោះនឹងត្រូវអនុវត្តទោស។

ទំព័រហ្វេសប៊ុករបស់ស្នងការរាជធានីភ្នំពេញឱ្យដឹងថា បន្ទាប់ពីឃើញឃ្លីបវីដេអូនេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីនគរបាលចរាចរណ៍ចំនួន០៣ នាក់ ឱ្យចូលខ្លួនមកបំភ្លឺ ជុំវិញបញ្ហាការបង្ហោះវិដេអូនោះ។

ហើយនៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ មន្រ្តីនគរបាលចរាចរណ៍០៣នាក់ ដែលស្ថិតក្នុងរឿងរ៉ាវបញ្ហានៅគោលដៅភ្លើងសញ្ញាចរាចរណ៍ (ក្តាន់ពីរ) ត្រូវបានកោះហៅយកមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការពិនិត្យ និងសុំគោលការណ៍សម្រេចពីឯកឧត្តមស្នងការ៕

Share.