កណ្តាល៖ សមត្ថកិច្ចសង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីករណីរំលោភ​លើទំនុកចិត្តក្រោយពីបានខ្ចីម៉ូតូពីជនរងគ្រោះហើយយកម៉ូតូទៅបញ្ចាំទៅវិញ។បច្ចុប្បន្នជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា ករណីខាងលើកើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៨:០០នាទី នៅក្នុងភូមិក្តីចាស់ សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដោយជនសង្ស័យ បានខ្ចីម៉ូតូរបស់ជនរងគ្រោះកុហកថាជិះទៅទិញអីយកមកហូប។ ដោយជនរងគ្រោះយល់ឃើញថាជាអ្នកធ្លាប់ស្គាល់រាប់អានគ្នាក៏ឱ្យខ្ចី ស្រាប់តែជនសង្ស័យយកទៅដាក់បញ្ចាំបានប្រាក់ចំនួន ៣០០ដុល្លារនៅផ្សារឃ្លាំងរំសេវ។

ចំណែកជនរងគ្រោះមិនឃើញជនសង្ស័យយកម៉ូតូមកឱ្យវិញ ទើបនៅថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២៣ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង។ លុះនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៧:៣០នាទី ជនរងគ្រោះបានឃើញជនសង្ស័យកំពុងហូបបាយនៅក្រោមផ្ទះ ក៏ចូលទៅសួរនាំរឿងម៉ូតូរបស់ខ្លួនដែលបានខ្ចីនោះ ជនសង្ស័យប្រាប់ថា ម៉ូតូបានយកទៅបញ្ចាំបាត់ហើយបន្ទាប់មកជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ច ឱ្យឃាត់ជនសង្ស័យតែម្តង។

ករណីនេះជនរងគ្រោះមានឈ្មោះ ផល វាសនា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ រីឯជនសង្ស័យវិញមានឈ្មោះ ហេង មករា ហៅអាមាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល៕

អត្ថបទ៖កណ្តាល

Share.