ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានព្រះសង្ឃបានជួលឱ្យឡើងកាប់ដើមឈើទាលក្នុងវត្តព្រែកឯងដើម្បីអារក្ដារប្រើប្រាស់ភ្លាត់ស្នៀតធ្លាក់មកក្រោមស្លាប់មួយរំពេច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១នឹង០០ នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅ ក្នុងបរិវេណវត្តព្រែកឯង ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើយោងតាម លោក សំ សុធារី ចៅសង្កាត់ព្រែកឯងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ នន់ អ៊ី អាយុ៤៥ឆ្នាំ រស់នៅភូមិព្រៃអង្គុញ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ខេត្តព្រៃវែង។ ហើយនៅថ្ងៃកើតហេតុ ព្រះសង្ឃនៅវត្តព្រែកឯង បានជួលជនរងគ្រោះឱ្យឡើងកាប់ដើមឈើទាល ដើម្បីច្រៀកយកឈើបន្ទះសម្រាប់ប្រើការក្នុងវត្ត ខណៈដែលជនរងគ្រោះកំពុងកាប់មែកឈើ ក៏របូតដៃធ្លាក់មកក្រោមបណ្តាលឱ្យបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង។ បន្សល់ទុកកូនប្រុសម្នាក់នៅអង្គុយយំអោបសពឪពុកនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ ដោយមានការអាណិតអាសូដល់សពជនរងគ្រោះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានស្នើសុំរថយន្តមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ ដឹកសពជនរងគ្រោះទៅធ្វើបុណ្យនៅស្រុកកំណើត ព្រមទាំងជួយឧបត្ថម្ភបច្ច័យសម្រាប់ធ្វើបុណ្យទៅតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

Share.