ភ្នំពេញ៖ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នាវេលាម៉ោងប្រហែល១០:០០នាទីព្រឹក បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីប្រើហិង្សាទៅលើចោរម្នាក់ ខណៈបានចូលលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះ គាប់ជួនម្ចាស់ទាន់បែជាយកកាំងបិតដេញកាប់ម្ចាស់ផ្ទះ រហូតម្ចាស់ផ្ទះជ្រុលដៃយកកូនកាំបិតចាក់ស្លាប់តាមផ្លូវពេលកំពុងរត់គេចខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣:៣០នាទីទាបភ្លឺស្ថិតនៅចំណុចផ្ទះជួលលេខ៣០CE0 ផ្លូវលេខ៦៧០ ក្រុមទី១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យឈ្មោះ អាន វណ្ណនី ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងភ្លើង និងអ្នកដឹកជញ្ជូនឥវ៉ាន់ ស្នាក់នៅជួល លេខ៣០CE0 ផ្លូវលេខ៦៧០ ក្រុមទី១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ គឺជាម្ចាស់ផ្ទះដែលត្រូវចោរចូលលួចទ្រព្យសម្បត្តិ ។ ចំណែកជនរងគ្រោះដែលជាចោរហើយត្រូវម្ចាស់ផ្ទះចាក់ស្លាប់នោះមាន កន វឿន ភេទប្រុស ជនជាតិខ្មែរ មិខរបរ ដើររើសអេតចាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យដែលជាម្ចាស់ផ្ទះ ឈ្មោះ អាន វណ្ណនី ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ សេង សាវី

Share.