ភ្នំពេញ ៖ បុរស២នាក់រងរបួសធ្ងន់ បាក់ដៃបាក់ជើង ចំណែក២នាក់ទៀតរងរបួសស្រាល បន្ទាប់ពីម៉ូតូមួយគ្រឿងជិះលឿនជ្រុលទៅបុក ម៉ូតូមួយគ្រឿងទៀតកំពុងឆ្លងផ្លូវ កាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះរបួសធ្ងន់ទាំង២នាក់ ទី១ ឈ្មោះ ខឿន ខៀវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រស់នៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ជាភាគីខាងម៉ូតូ ហុងដាឌ្រីម សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HI-8625 ។ ទី២ ឈ្មោះ សឺ ឡៅឆុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិទឹកផុស ឃុំទឹកផុស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាភាគីខាងម៉ូតូ ហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JU-5814 ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះខាងភាគីម៉ូតូហុងដា សេរី២០១៩ ជិះឌុបគ្នា២នាក់ឆ្លងផ្លូវពីត្បូងទៅជើង មិនទាន់ផុតផង ស្រាប់តែភាគីខាងម៉ូតូ ហុងដា សេរី២០២២ ជិះឌុបគ្នា២នាក់ដូចគ្នា ពីកើតទៅលិច លៅនជ្រុលទៅបុក បណ្តាលឱ្យរងរបួសធ្ងន់២នាក់ បាក់ដៃបាក់ជើង ចំណែក២នាក់ទៀតរងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងរបួសធ្ងន់២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.