នាង​ Kim Yeon-koung ដែល​ជា​ស្មាត់​ធំ​មួយ​រូប​របស់​ជម្រើស​ជាតិ​កូរ៉េខាងត្បូង ក្នុង​ក្រុម​បាល់ទះ​នារី បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ហើយ បន្ទាប់​បញ្ចប់​បេសកកម្ម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ នៅប្រទេស​ជប៉ុន កាល​ពី​ពេល​ថ្មីៗ។

ក្រុម​នារី​​កូរ៉េខាងត្បូង បាន​ចាញ់​ក្រុម​ប្រេស៊ីល ដោយ​លទ្ធផល ៣សិត​ទល់០ ក្នុង​វគ្គ​​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ ហើយ​បន្ត​ចាញ់​ក្រុម​នារី​ស៊ែប៊ី ដោយ​លទ្ធផល​៣សិត​ទល់០ ទៀត​ក្នុង​វគ្គ​ដណ្តើម​​មេដាយ​សំរឹទ្ធ នៅ​កីឡដ្ឋាន Ariake Arena ក្នុង​ទីក្រុង​តូក្យូ។

ចំពោះ Kim Yeon-koung មាន​វ័យ​៣៣​ឆ្នាំ​វិញ បាន​សម្រេច​ចូល​និវត្តន៍​ពី​​ក្រុម​ជម្រើស​ជាតិ​តែ​ម្ដង ដោយ​បញ្ជាក់​​ប្រាប់​សារព័ត៌មាន Yonhapថា៖«នេះ​ជា​បេសកកម្ម​លើក​ចុងក្រោយ​ក្នុង​ក្រុម​ជម្រើស​ជាតិ​របស់​ខ្ញុំ។ ខ្ញុំ​ពិត​ជា​ខក​ចិត្ត​ណាស់​ដែល​យើង​មិន​អាច​ដណ្តើម​មេដាយ​បាន ប៉ុន្តែ​ខ្ញុំ​រីករាយ​ទៅ​នឹង​សមិទ្ធផល​ដែល​យើង​សម្រេច​បាន ព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​រំពឹង​ថា​យើង​អាច​ឡើង​មក​ដល់​ចំនុច​នេះ (វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ)»។

«ខ្ញុំ​មិន​អាច​បរិយាយ​​អស់​ទេ​ពី​​ការ​លេង​បាល់ទះ​ឱ្យ​ក្រុម​ជម្រើស​ជាតិ ហើយ​នេះ​ជា​កិត្តិយស​ដ៏​ធំធេង​ណាស់​សម្រាប់​ខ្ញុំ»។ កីឡា​ការិនី​កម្ពស់ ១.៩២ម៉ែត្រ​បញ្ជាក់។ នាង​ធ្លាប់​​ឈ្នះ​ពានរង្វាន់​ជាមួយ​ក្រុម​នារី​កូរ៉េខាងត្បូង ជា​ច្រើន​ដូចជា​មេដាយ​មាស​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games នៅ​ទីក្រុង Uncheon មេ​ដាយ​ប្រាក់​នៅ​ឆ្នាំ​២០១០ នៅ​ទីក្រុង Guangzhou និង​មេដាយ​សំរឹទ្ធ​ឆ្នាំ​២០១៨ នៅ​ទីក្រុង Jakarta។ ក្រៅ​ពី​នោះ​ក៏​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​ក្នុង​ពាន Asian Championship នៅ​ឆ្នាំ​២០១៥ និង​មេដាយ​សំរឹទ្ធិ​ឆ្នាំ​២០១១,​២០១៣,​២០១៧​និង​២០១៩ ផង​ដែរ។ ក្នុង​ពាន Asian Cup ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​នៅ​ឆ្នាំ​២០១៤ និង​មេដាយ​សំរឹទ្ធ​ឆ្នាំ​២០១០។

Kim ជា​សមាជិក​នៅ​ក្នុង​ក្រុមShanghai Bright Ubest Women’s Volleyball Club នៅ​លីគ​បាល់ទះ​ប្រទេស​ចិន Chinese Volleyball League ហើយ​នាង​ធ្លាប់​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ក្រុម​បាល់ទះ​ក្រៅ​ប្រទេស​ជា​ច្រើន​ដូចជា JT Marvelous របស់​ជប៉ុន ចន្លោះ​ឆ្នាំ​២០០៩-២០១១ ក្រោយ​ចេញ​ពី​ក្រុម​Heungkuk Life ក្នុង​ស្រុក​កំណើត។ នាង​បន្ត​ទៅ​កាន់​ទឹកដី​អឺរ៉ុប រយៈ​ពេល​៨ ឆ្នាំ​ដោយ​ចូលរួម​ក្រុម​នៅ​លីគ​កំពូល​ប្រទេស​ទួរគី មាន​ក្រុម Fenerbahçe និង Eczacıbaşı VitrA មុន​ត្រឡប់​ចូលរួម​ក្រុម​ចាស់​ Heungkuk Life នៅ​ឆ្នាំ​២០២០-២០២១ វិញ៕

Telegram-Troryorng
Share.