រឿងក្ដៅ​ៗ​​កក្រើកបណ្ដាញ​សង្គម ក្រោយ​ លោក ម៉ែន និមលរតន៍ ជា​នាយកប្រតិបត្តិ​​ក្រុមហ៊ុន​បង្ហាញ​​ម៉ូដ​ CIM បាន​ប្រកាស​ប្រគល់​តំណែង 3rd Runer Up  ឱ្យ​ដល់​កញ្ញា​សួន​ ពិសី​ ដែល​ជាអតីត​ 4th runner up Miss Universe Cambodia 2020 ដោយ​មូលហេតុ​ថា​កញ្ញា​ជា​មនុស្ស​គោរពការងារ ឬ​ អាចនិយាយ​សាមញ្ញា​ហៅ​ថា​ Real Queen។

បន្ទាប់​ពី​មាន​ការ​ជជែក​វែក​ញែក​គ្នា​យ៉ាង​គគ្រឹកគគ្រេងនៅលើ​បណ្ដាញ​សង្គ​មពិសេស​​ក្នុង​មជ្ឈដ្ឋាន​អ្នក​និយម​គាំទ្រ​និង​តាម​ដានកម្មវិធី​ការ​ប្រកួត​សម្រស់​​​​ពាក់ព័ន្ធ​នឹង​រឿង​ដែល​​លើក​ឡើង​ថា តំណែង​របស់​​ កញ្ញា នេត រក្សា 3rd Runner Up Miss Universe Cambodia 2020 ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​កញ្ញា​ សួន​ ពិសី​ អតីត​ 4th runner up Miss Universe Cambodia 2020 និង ជា​ Miss Tourism Cambodia 2021ហើយ ដោយ​យោង​តាម​ការ​បង្ហោះ​របស់​លោក​ ម៉ែន និមលរតន៍​នៅ​លើ​បណ្ដាញ​សង្គម​។

ដើម្បី​ស្រាយ​នូវចម្ងល់​នេះ​ ​សារព័ត៌មាន​ត្រយង​បាន​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​កាន់​ លោក ម៉ែន និមលរតន៍ សូម​ឱ្យ​លោក​ស្រាយ​​បំភ្លឺ​ចំពោះ​បញ្ហា​នេះ​ ដោយ​លោក​បាន​ពន្យល់​យ៉ាង​លម្អិត​ថា​៖ បញ្ហា​នេះ​គឺ​កើត​មាន​តាំង​ពី​ដំបូង​មក​ម្ល៉េះ​ ដោយ​សារតែ​កញ្ញា នេត រក្សា​មិន​បាន​ចុះហត្ថលេខាជាមួយ​នឹង​ក្រុមហ៊ុន​នោះ​ទេ​ ដោយ​មូលហេតុ​ផ្ទាល់​ខ្លួន​កញ្ញា​ តែ​កញ្ញា​សុំ​រក្សា​ឈៀង​ទុក​ដើម្បី​ជា​អនុស្សាវរីយ៍ ដោយ​កាល​នោះ​លោក​ក៏​មាន​ការ​យោគយល់​ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​កញ្ញា​មិនមាន​សិទ្ធិ​យក​ងារ ជា​កញ្ញា​ឯក​ចក្រវាឡ​កម្ពុជា​ទៅ​ប្រើប្រាស់​នោះ​ទេ ព្រោះ​នោះ​ជា​កម្មសិទ្ធិ​បញ្ញ​ារបស់​ក្រុមហ៊ុន​ ចំណែក​កញ្ញា​មិន​បាន​កុង​ត្រា​ជាមួយ​នឹង​ក្រុមហ៊ុន​នោះ​ឡើយ​ ហេតុនេះ​ការ​ដែល​កញ្ញា​ប្រើប្រាស់​ឈ្មោះ​ជា​ MUC2020 ដើម្បី​ផល​ប្រយោជន៍​ឯក​ជន​គឺ​វា​​ខុស​លក្ខន្តិកៈ​ ម្យ៉ាង​ទៀត​បុគ្គលិក​ CIM​ក៏​ធ្លាប់​បាន​ទំនាក់ទំនង​ទៅ​ប្រាប់​កញ្ញា​ពី​បញ្ហា​នេះ​ដែរ​តែ​កញ្ញា​មិន​ស្ដាប់​ ដូច្នេះ​ទើប​លោក​ឈាន​ដល់​ប្រគល់​តំណែង​របស់​កញ្ញា​ទៅ​ឱ្យ​កញ្ញា​ សួន ពិសី​ ដែល​គោរព​តាម​ច្បាប់​និង​លក្ខខ័ណ្ឌ​របស់​ក្រុម​ហ៊ុន​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​វិញ។

ក្រោយ​ពី​ស្រាយបំភ្លឺ​ចំពោះ​ករណី​ផ្ទេរតំណែង​នេះ​រួច​បុរស​ដែល​មាន​ភាព​លេចធ្លោ​លើ​វិស័យ​ប្រកួត​វេទិកាស្រីស្អាត​ដ៏​ល្បីល្បាញ​ជា​ច្រើន​រូប​នេះ​ក៏​បាន​ឆ្លៀត​ផ្ដាំ​ផ្ញើ​ចំពោះ​យុវជន​យុវនារី​ជំនាន់​ក្រោយ​ដែល​ចង់​​ចូលរួម​កម្មវិធី​ប្រកួត​សម្រស់​ត្រូវ​តែ​ត្រៀម​ខ្លួន​និង​សិក្សា​ពី​កម្មវិធី​​នីមួយៗ​ឱ្យ​បាន​ច្បាស់លាស់​។

«លោក ម៉ែន និមលរតន៍ ក៏​បាន​ផ្ដាំ​ផ្ញើ​ដល់​យុវជន​ជំនាន់​ក្រោយ​ដែល​មាន​ចិត្ត​ស្រលាញ់​ និង​ ចង់​ចូលរួម​ប្រកួត​កម្មវិធី​សម្រស់​សូម​ពិនិត្យ​និង​អាន​ខ្លឹម​សារ​កម្មវិធី​ឱ្យ​បាន​ច្បាស់លាស់​ ជា​ពិសេស​ត្រូវ​រក្សា​ឱ្យ​បាន​នូវ​សេចក្ដី​ថ្លៃ​ថ្នូរ​ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប​ ចៀសវាង​ប្រព្រឹត្ត​ទង្វើ​ណាមួយ​ដែល​ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​ដល់​អ្នក​ជំនាន់​ក្រោយ​ៗ​ទៀត​»។

គួរ​ដឹង​ដែរថា​លោក ម៉ែន និមលរតន៍ ដែល​ជា​​​នាយកប្រតិបត្តិ​​ក្រុមហ៊ុន​បង្ហាញ​​ម៉ូដ​ CIM  គឺជា​បុគ្គល​ដ៏​លេច​ធ្លោ​មួយ​រូប​លើ​វិស័យ​ប្រកួត​សម្រស់ ​ព្រោះ​លោក​បាន​បញ្ជូន​នារី​រូប​ស្រស់​និង​បុរស​សង្ហា​ជាច្រើន​រូប​តំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ និង ​ពិភពលោក ប្រកប​ដោយ​ជោគជ័យយ៉ាង​ច្រើន​​៕

ទស្សនា​វីដេអូ​ព័ត៌មាន​ លោក ម៉ែន និមលរតន៍ ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.