មានករណីអគ្គិភ័យឆេះវាលស្មៅមួយករណីនៅដីវាលទំនេរមួយកន្លែង ខាងក្រោយផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យប្រជាពលរដ្ឋមានលំនៅជុំវិញជាប់នោះភ័យស្លន់ស្លោ នាំគ្នារើជញ្ជូនឥវ៉ាន់ចេញពីផ្ទះព្រោងព្រាត ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ដីវាលទំនេរទុកចោល ចំណុចខាងលើ ពេញដោយស្មៅ ព្រៃ និងមានកូនផ្ទះឈើមួយទុកចោល ហើយក៏មានអ្នកឆ្លៀតឱកាសលួចយកសំរាមបោះចោលនៅទីនោះដែរ។ ស្រាប់តែនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ស្របពេលដែលអាកាសធាតុ ក្តៅ ស្ងួតផង និងប្រហែលជាមានអ្នកចូលទៅលួចដុតសំរាម ក្នុងដីឡូត៍នោះ ទើបធ្វើឲ្យភ្លើងឆេះខ្លាំងឡើងៗ រាលដល់វាលស្មៅ ព្រៃ ជាប់នឹងជញ្ជាំងផ្ទះ ពលរដ្ឋ អ្នកលក់ដូរ ។ពេលភ្លើងឆេះសន្ធោសន្ធៅឡើង ជិតនឹងដល់កាប៊ីនភ្លើងទៀតនោះ ធ្វើឲ្យពលរដ្ឋកាន់តែភ័យស្លន់ ខ្លះនាំគ្នារើឥវ៉ាន់ចេញពីផ្ទះ ទៅរកកន្លែងមានសុវត្តិភាព ។

អគ្គិភ័យខាងលើ ទោះជាពលរដ្ឋ សមត្ថកិច្ច បាញ់ ជះទឹក ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យយ៉ាងណាក្តី នៅតែមិនអាចគ្រប់គ្រងបាន ព្រោះថា មានស្មៅ ព្រៃឈើងាប់ច្រើន រហូតដល់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន២គ្រឿងចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើងឲ្យរលត់ទៅវិញ នៅវេលាម៉ោង២និង១៥នាទីថ្ងៃដដែល ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.