ប្រធានសមាគមន៍ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានជំរុញឱ្យកសិករធ្វើការ ដាំដុះដើម្បីបង្កើនជីវភាពគ្រួសារ។ ការជំរុញរបស់លោកគៀង សេងគី នេះ ធ្វើឡើងក្នុងពិធីផ្តល់គ្រាប់ពូជបន្លែ និងសម្ភារកសិកម្ម ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១៥ គ្រួសារ នៅស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ។

កម្មវិធីនេះបានរៀបចំដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ មានការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់, វិទ្យាស្ថាន ស៊ូមតិ និងគោលនយោបាយ (API) និងអង្គការអេដអាក់ស្យុង AEA។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងណាប្ដូរផ្ដាច់ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែ ទម្រង់ស៊ីជម្រៅនិងអភិវឌ្ឍន៍លើគ្រប់វិស័យជាពិសេសវិស័យកសិកម្ម និងឧស្សាហកម្មដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ រក្សានូវ  សន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជានិងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ រួមទាំងដោះស្រាយបញ្ហាប្រឈមនានាផងដែរ។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វនិងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយ ប្រចាំថ្ងៃដោយផ្លាស់ប្តូរ ទំលាប់មិនល្អ និងផ្តល់ឱកាសឱ្យកូនបានសិក្សារៀនសូត្រដោយប្រែក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន៕

អត្ថបទ៖ ភ្នាក់ងារខេត្តកំពង់ធំ

Share.