​ឯកឧត្តម ស សុខា ឡើង​ថ្លែងក្នុង​កម្មវិធី​ប្រកួត​ថ្នាក់​ជាតិ​នាពេល​កន្លង​មក

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បាន​រៀបចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៦​ និង​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការប្រតិបត្តិ អាណត្តិ​ថ្មី ទី៧ ពី​ឆ្នាំ២០២១ដល់ ឆ្នាំ២០២៥ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៣ ខែសីហា ​ឆ្នាំ​២០២១ ខណៈ​ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បន្ត​ជាប់​ឆ្នោត​ជាប្រធានសហព័ន្ធកីឡាប៊ូល និង​ប៉េតង់​កម្ពុជា សម្រាប់​អាណត្តិ​ថ្មី​ទៀត។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ឯកឧត្តម បាន​បញ្ជាក់​ថា​៖«ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​គណៈកម្មាធិការ​ប្រតិបត្តិ​ ដែល​បាន​ផ្តល់​សេចក្តី​ទុក​ចិត្ត​បោះឆ្នោត​ជ្រើសរើស​រូប​ខ្ញុំ​ឲ្យ​បន្ត​ជា​ប្រធាន​សហព័ន្ធ​កីឡាប៊ូល និង​ប៉េតង់​កម្ពុជា សម្រាប់អាណត្តិទី៧ ឆ្នាំ២០២១-២០២៥»។

ក្រោយ​បន្ត​ទទួល​កៅអី​ជា​ប្រធាន​សហព័ន្ធ​ឯកឧត្តម​បាន​តាំង​ចិត្ត​ថា៖«ក្នុង​នាម​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា អាណត្តិទី៧ ខ្ញុំ​សូមប្តេជ្ញា​ចិត្ត​បំពេញ​កិច្ចការងារ​សម្រាប់​អាណត្តិ​ថ្មី​ សំដៅ​បម្រើ​ផលប្រយោជន៍​សហព័ន្ធ និង​ដើម្បី​តប​ស្នង​ចំពោះ​ការលះបង់​របស់​ថ្នាក់​ដឹកនាំ​ជំនាន់​មុន​ ព្រម​ទាំង​ស្វែង​រក​លទ្ធផល​ល្អៗ ជោគជ័យ​ថ្មីៗ ជូន​អ្នក​គាំទ្រ និង​ជាតិ​មាតុភូមិ​នៃ​យើង»៕

Telegram-Troryorng
Share.