សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាមេរិកខាងត្បូង ហៅ​កាត់​ថា CONMEBOL រៀបចំ​ផែនការ​ចាក់វ៉ាក់សាំង​ការពារ​កូវីដ-១៩ របស់​ប្រទេស​​ចិន ឈ្មោះ​ថា ​Sinovac នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២១ ខាង​មុខ ​ឱ្យ​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​នានា​ដែល​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប Copa América។

CONMEBOL បាន​បង្កើត​គណៈកម្មការ​ថ្មី​មួយ​ដើម្បី​​ទទួល​ខុសត្រូវ​ទៅ​លើ​ផ្នែក​ច្បាប់ រដ្ឋបាល បច្ចេកទេស និង​វេជ្ជសាស្រ្ដ​ សម្រាប់​ដំណើរ​នៃ​ការ​ចាក់​វ៉ាក់សាំង​​ដល់​ក្រុម​គ្រូ​បង្វឹក​និង​កីឡាករ​នេះ។ អ្នក​ពាក់ព័ន្ធ​ដូចជា​កីឡាករ អាជ្ញាកណ្ដាល មន្រ្តី​បច្ចេកទេស​និង​សមាជិក​នានា​នៅ​ក្នុង​ក្រុម​បាល់ទាត់ ជាដើម។

លោកAlejandro Domínguez ប្រធាន​សហព័ន្ធ CONMEBOL បាន​បញ្ជាក់​ថ្មី​នេះ​ថា​វ៉ាក់សាំង​នេះក្រៅ​ពី​ត្រៀម​សម្រាប់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ជា​សមាជិក ក៏​មាន​ត្រៀម​សម្រាប់​ក្រុម​កីឡា​ការិនី​ជម្រើស​ជាតិ​ផង​ដែរ ដោយ​មាន​ប្រមាណ​ជា​៥ម៉ឺន​ដូស​ដែល​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន ​Sinovac Biotech។​

ពានរង្វាន់ Copa America 2021 នឹង​ប្រកួត​ពី​ថ្ងៃ​ទី​១៣ មិថុនា ដល់ ១០ ខែ​កក្កដា​ឆ្នាំ​២០២១ ដោយ​ប្រទេស​អាហ្សង់ទីន និង​កូឡុំប៊ី ជា​សហម្ចាស់​ផ្ទះ។ ពូល A ធ្វើ​ឡើង​នៅ​ប្រទេស​អាហ្សង់ទីន ដោយ​មាន​ម្ចាស់​ផ្ទះ​អាហ្សង់ទីន,​ប៉ូឡាវី,​អ៊ុយរុយហ្គាយ,​ប៉ារ៉ាហ្គាយ ចំណែក​ពូល B ធ្វើ​នៅ​ប្រទេស​កូឡុំប៊ី ដោយ​មាន​ម្ចាស់​ផ្ទះ​កូឡុំប៊ី,ប្រេស៊ីល,​វេណេហ្ស៊ុយអេឡា,អេក្វាទ័រ និង​ប៉េរូ។

ពានរង្វាន់ Copa America រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩១៦ ហើយ​ក្រោយ​មក​វិវត្តន៍​រៀបចំ​នៅ​រាល់​៣ឆ្នាំ​ម្តង ដោយ​ប្រទេស​អ៊ុយរ៉ាហ្គាយ ឈ្នះ​ពានរង្វាន់​បាន​ច្រើន​ជាង​គេ គឺ​រហូត​ដល់​១៥លើក ខណៈ​ក្រុម​ប្រេស៊ីល ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​​កាល​ពី​ឆ្នាំ​២០១៩។ ចំណែក​ក្រុម​អាហ្សង់ទីន ធ្លាប់​ឈ្នះ​បាន​១៤លើក ក្រុម​ប៉ារ៉ាហ្គាយ និង​ឈីលី ឈ្នះ​បាន​ម្នាក់​២លើក និង​កូឡុំប៊ី និង​បូឡាវី ឈ្នះ​ម្នាក់​១លើក៕

Share.