ក្រៅ​ពី​អ្នក​ស្រី​ ​ពាន់​ ភួងបុប្ផា ​ដែលដិតដាម​ក្នុង​សិល្បៈ​ យ៉ាង​ណា​មិញ​​ចៅ​ប្រុស​អ្នក​ស្រី​ លោក ម៉ុង ម៉ានុត ​មាន​ឈាម​ជ័រ​សិល្បៈ​បន្ត​វេន​ពី​អ្នក​ស្រី​នោះ​ សន្សឹម​បាន​ប្រឡូក​ចូល​ក្នុង​សិល្បៈ​ម្ដង​បន្តិច​ៗ​តាម​រយៈ​ការ​រួម​សហការ​និពន្ធ​ សៀវភៅ Cover បទ​ចម្រៀង និង​ចុង​ក្រោយ​នេះ​សាមី​ខ្លួន​បាន​ប្រកាស​ប្រឡូក​ចូល​សិល្បៈ​ពេញ​ទំហឹង​តែ​ម្ដង​។

លោក ម៉ុង ម៉ានុត កាល​ពី​ថ្ងៃ​ទី​អាទិត្យ​ ទី​១៥ ខែ​សីហា ឆ្នាំ​២០២១ បាន​ប្រកាស​តាម​រយៈ​ហ្វេសប៊ុក​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ «Nuth-នុត» លោក​នឹង​ចាប់​ផ្ដើម​វិស័យ​សិល្បៈ​ ដោយ​ក្នុង​នោះ​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​បទ​ចម្រៀង​ដំបូង​របស់​លោក​បាន​ចេញ​កាល​ពី​៩​ឆ្នាំ​មុន ហើយ​បន្ទាប់​ពី​នោះ​មក​លោក​តែងតែ​រង់ចាំ​នូវ​ពេល​វេលា​ស័ក្តិសម​ណាមួយ​ទៀត​ ដើម្បី​បង្ហាញ​នូវ​បទ​ចម្រៀង​ថ្មី​របស់​​លោក​ ដោយ​លោក​បាន​បញ្ជាក់​ដែរ​ថា​ហ្វេន​ធ្លាប់​បាន​ស្ដាប់​សំឡេង​កុមារ​ នុត ហើយ​ ប៉ុន្តែ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ហ្វេន​នឹង​បានស្ដាប់​បទ​ចម្រៀង​ថ្មី​របស់​លោក​ម្ដង​ទៀត​ដែល​ជា​ស្នាដៃ​និពន្ធ​ដោយ​លោក​ផ្ទាល់​។

ប្អូន​បង្កើត​របស់តារា​ចម្រៀង​ ម៉ុង​ ម៉ានិត ហៅ​ម៉ានិត​ រូប​នេះ​ក៏​មាន​ស្នាដៃ​ចូលរួម​សហការជាមួយ​នឹង​បង​ប្រុស​របស់​លោក​ ក្នុង​ការ​និពន្ធសៀវភៅ​ដូច​គ្នា​ ព្រោះ​កន្លង​មក​សៀវភៅ​របស់​លោក ម៉ានិត​ តែងតែ​មាន​ លោក ចូលរួម​សហការ​និពន្ធ​ជានិច្ច​ដូច​ជា​សៀវភៅ​រឿង​ចុង​ក្រោយ​ «ត្រកូល​ចម្លែក​» ដែល​លោក​បាន​រួម​សហការ​និពន្ធ​នោះ​ក៏​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​រហូត​ដល់​បិទ​ការ​បញ្ជា​កក់​មុន​ពេល​កំណត់​ថែម​ទៀត​ផង​។

គួរ​ដឹង​ថា​ លោក ​ម៉ុង​ ម៉ានុត គឺ​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក​ ម៉ុង ម៉ានិត និង​ជា​ចៅ​ប្រុស​បង្កើត​របស់​អ្នក​និពន្ធ អ្នក​ដឹកនាំ​ល្បី​ លោក​ស្រី​ ពាន់ ភួងបុប្ផា ធ្លាប់​បាន​សាង​នូវ​ភាព​ល្បី​ល្បាញ​ម្ដង​កាល​ពី​៩​ឆ្នាំ​មុន​តាម​រយៈ​បទ​ចម្រៀង​ដាក់​បញ្ចូល​ក្នុងភាពយន្តខ្នាត​ធំ​រឿង​ «កុមារី​២៥​ឆ្នាំ​»៕

Telegram-Troryorng
Share.